(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែអនុវត្តវិធានការចត្តាឡីស័ក បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញក្នុងចំណោមសមាជិកមួយចំនួន នៃក្រុមមន្រ្តីជំនិតរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

វិមានក្រឹមឡាំងរុស្ស៉ីបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ដោយសារតែមានករណីឆ្លង COVID-19 ក្នុងចំណោមមន្រ្តីជំនិតបែបនេះ លោក ពូទីន ចាំបាច់ត្រូវអនុវត្តវិធានការចត្តាឡីស័កមួយរយៈសិន។ ដូច្នេះហើយ លោក ពូទីន មិនអាចទៅបំពេញទស្សនកិច្ច នៅប្រទេសតាហ្ស៉ីគីស្ថាន តាមការគ្រោងទុកកន្លងមកបានឡើយ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី គ្រោងនឹងចេញដំណើរទស្សនកិច្ចទៅកាន់តាហ្ស៉ីគីស្ថាន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់មួយចំនួន ពាក់ព័ន្ធនឹងស្ថានការណ៍សន្តិសុខក្នុងតំបន់។ យោងតាមវិមានក្រឹមឡាំង លោក ពូទីន បានទូរស័ព្ទប្រាប់ប្រធានាធិបតីតាហ្ស៉ីគីស្ថាន រួចរាល់ហើយ អំពីដំណឹងនៃការត្រូវធ្វើចត្តាឡីស័កនេះ ហើយលោកនឹងចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូជំនួសវិញ៕