(ហ្សឺណែវ)៖ មេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថានបានក្បត់នឹងការសន្យាជាសាធារណៈ ស្តីពីសិទ្ធិរួមមានការបញ្ជាឱ្យស្ត្រីស្នាក់នៅផ្ទះ ដោយរារាំងក្មេងស្រីជំទង់មិនឱ្យចូលសាលារៀន និងស៊ើបរកអតីតសត្រូវពីផ្ទះមួយទៅផ្ទះមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅក្នុងដំណាក់កាលថ្មី និងគ្រោះថ្នាក់មួយចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្តើមអំណាចកាលពីខែមុន ដោយមានស្ត្រីនិងសមាជិកសហគមន៍ជនជាតិ និងសាសនាជាច្រើនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសិទ្ធិ និងសន្តិសុខរបស់ពួកគេ។

លោកស្រីបានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវថា «ផ្ទុយពីការធានាអះអាង ដែលថាក្រុមតាលីបង់នឹងគាំទ្រសិទ្ធិស្ត្រី ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះស្ត្រីត្រូវបានគេដកចេញជាបណ្តើរៗ ពីវិស័យសាធារណៈ»

លោកស្រីBachelet បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសមាសភាពរបស់រដ្ឋាភិបាលតាលីបង់ ដោយកត់សម្គាល់ពីអវត្តមានរបស់ស្ត្រី និងភាពលេចធ្លោរបស់ក្រុមជនជាតិភាគតិច Pashtun ។

លោកស្រីបាននិយាយថា នៅកន្លែងខ្លះក្មេងស្រីអាយុលើសពី១២ ឆ្នាំត្រូវបានហាមឃាត់មិនឱ្យចូលសាលា ខណៈស្ត្រីត្រូវបានគេបញ្ជាមិនចេញក្រៅផ្ទះ ដែលនេះជាការវិលត្រឡប់ទៅរកការគ្រប់គ្រងគាបសង្កត់របស់តាលីបង់ នៅចន្លោះឆ្នាំ១៩៩៦ និង ២០០១ មុនការលុកលុយដឹកនាំដោយអាមេរិកដែលបានផ្តួលរំលំពួកគេ។

ទន្ទឹមគ្នានេះលោកស្រីឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមតាលីបង់មិនបានធ្វើដូចការសន្យារបស់ខ្លួន ដែលថានឹងលើកលែងទោសដល់អតីតមន្រ្តីរាជការ និងមន្រ្តីសន្តិសុខដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមុននោះទេ៕