(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំសន្និសីទមួយ នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសនាថ្ងៃចន្ទនេះ ដើម្បីស្វែងរកថវិកាជំនួយជាង ៦០០លានដុល្លារអាមេរិក សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ហើយក៏បានព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះផងដែរ ក្រោយក្រុមតាលីបង់ក្លាយជា អ្នកគ្រប់គ្រងអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ការបញ្ចប់យ៉ាងតក់ក្រហល់នូវ ជំនួយរាប់ពាន់លានដុល្លាររបស់អន្តរជាតិ ក្រោយការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ ដែលគាំទ្រដោយក្រុមបញ្ចឹមប្រទេស និងការឡើងគ្រប់គ្រងប្រទេសដោយតាលីបង់ បានដាក់បន្ទុកធ្ងន់ធ្ងរលើកម្មវិធីជំនួយរបស់ UN។ ម៉្យាងវិញទៀតនោះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងថា ស្ថាប័នលោកកំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ក្នុងចំណោមថវិកា ៦០៦លានដុល្លារ ដែល UN ចង់បាន ជាង ៣០ភាគរយ នឹងត្រូវប្រើប្រាស់ដោយអង្គការស្បៀងអាហារពិភពលោក (WFP) របស់ UN។ បើតាមប្រភពពី UN និងអង្គការមនុស្សធម៌ សូម្បីមុនពេលក្រុមតាលីបង់ ចូលគ្រប់រដ្ឋធានីកាប៊ុលកាលពីខែមុនទៅទៀត គឺពាក់កណ្តាលនៃប្រជាជនអាហ្វហ្កានីស្ថានសរុប ឬស្មើនឹង ១៨លាននាក់ទៅហើយ រស់នៅដោយពឹងផ្អែកលើជំនួយ។ តួលេខនោះត្រូវគេរំពឹងថា នឹងកើនឡើងខ្លាំងថែមទៀតដោយសារគ្រោះរាំងស្ងួត រួមទាំងការខ្វះខាតប្រាក់ និងស្បៀងអាហារ៕