(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ិន អាប់ឌុលរ៉ស់ម៉ាន អាល់ ថានី (Mohammed bin Abdulrahman Al-Thani) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបំពេញទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន និងជួបពិភាក្សាគ្នាជាមួយ នាយករដ្ឋមន្រ្តីស្តីទីរបស់រដ្ឋាភិបាលតាលីបង់ ដែលទើបត្រូវបានតែងតាំងគឺ លោក ម៉ូឡោះ ម៉ូហាំម៉ាត់ ហាស្សាន អាឃុន (Mullah Mohammad Hassan Akhund)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

កំលុងកិច្ចជួបពិភាក្សាដែលធ្វើឡើងនៅ វិមានប្រធានាធិបតីនៃទីក្រុងកាប៊ុល ភាគីទាំងពីរបានជជែកអំពីប្រធានបទដូចជា ចំណងទ្វេភាគី, ជំនួយមនុស្សធម៌, ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគតរបស់អាហ្វហ្កានីស្ថាន និងទំនាក់ទំនងអន្តរជាតិ ជាមួយអាហ្វហ្កានីស្ថាន ដែលពេលនេះ ស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់។

ក្នុងដំណើរបំពេញទស្សនកិច្ចនោះ ប្រមុខការទូតកាតា ក៏បានឆ្លៀតឱកាសផងដែរ ដើម្បីជួបជាមួយលោក អាប់ឌូឡោះ អាប់ឌូឡោះ (Abdullah Abdullah) ដែលជាអតីតមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ ព្រមទាំងជាមួយអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក ហាមីដ កាហ្សៃ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើកើតមានឡើង បន្ទាប់ពីក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន សម្រាប់អាហ្វហ្កានីស្ថាន កាលពីថ្ងៃទី០៧ ខែកញ្ញា ដោយមានលោក Hassan Akhund ជាប្រមុខ ក្រោយពួកគេបានឡើងគ្រប់គ្រងប្រទេសនេះ កាលពីពាក់កណ្តាលខែសីហា កន្លងទៅ។ ទីក្រុងដូហារបស់ប្រទេសកាតា គឺជាកន្លែងស្ថិតនៅ នៃការិយាល័យនយោបាយរបស់ក្រុមតាលីបង់ ដែលបានទទួលបន្ទុកលើដំណើការចរចាគ្នាជាមួយសហរដ្ឋអាមេរិក ដែលទីបំផុតឈានទៅដល់ ការដកទ័ពអាមេរិកទាំងអស់ ចេញពីប្រទេសអាហ្វហ្កានីស្ថាន៕