(សៀងហៃ)៖ អាជ្ញាធរទីក្រុងសៀងហៃ និងតំបន់ឆ្នេរសមុទ្រដែលនៅជិតខាង បានលុបចោលរាល់ជើងហោះហើរ និងបានបិទសាលារៀន ក៏ដូចជាបានផ្អាករាល់ខ្សែរថភ្លើងក្រោមដីផងដែរ ខណៈព្យុះទីហ្វុង ចន្ធូ (Chanthu) បានធ្វើដំណើរមកដល់ប្រទេសចិន បន្ទាប់ពីបានបក់បោកកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសនៅលើគណនីបណ្ដាញសង្គម WeChat ផ្លូវការរបស់ពួកគេថា ព្យុះទីហ្វុង Chanthu ជាប្រភេទខ្យល់ព្យុះទីហ្វុងកម្រិតទី ៤ ដែលស្ថិតនៅក្រោមកម្រិតនៃប្រភេទព្យុះ super-typhoon ឬព្យុះទីហ្វុងកំណាចដែលមានកម្លាំងខ្យល់បក់រហូតដល់ជាង ១៧០គីឡូម៉ែត្រ ត្រូវបានគេរំពឹងថា នឹងបាត់បង់កម្លាំងបន្តិចម្តងៗពេលមកដល់តំបន់នេះ។ ប៉ុន្តែវានៅតែត្រូវបានគេរំពឹងថា នឹងនាំមកជាមួយនូវខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់តំបន់ឆ្នេរសមុទ្រ។

ជុំវិញបញ្ហានេះ អាជ្ញាធរទីក្រុងសៀងហៃបានប្រកាសថា រាល់ជើងហោះហើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិពូទុង (Pudong Internation Airpot) នៃទីក្រុងសៀងហៃដែលមានប្រជាជនរស់នៅប្រហែល ២៦លាននាក់ ត្រូវលុបចោលចាប់ពីម៉ោង ១១៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ខណៈរាល់ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋាន ហុងឆាវ (Hongqiao) ដែលស្ថិតនៅភាគខាងលិចទីក្រុង ក៏ត្រូវលុបចោលចាប់ពីម៉ោង ០៣៖០០នាទីរសៀលថ្ងៃដដែល (ម៉ោងក្នុងស្រុក) ផងដែរ។

ទន្ទឹមនឹងនេះ រាល់សេវាកម្មរថភ្លើងក្រោមដី និងលើអាកាសមួយចំនួន ដែលបម្រើការដល់តំបន់ភាគខាងត្បូង របស់ទីក្រុងសៀងហៃក៏ត្រូវផ្អាក ហើយឧទ្យានជាតិ និងសួនកុមារជាតិក៏ត្រូវបិទនៅថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែកផងដែរ ខណៈថ្នាក់រៀនក៏ត្រូវផ្អាកនៅរសៀលថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែកដូចគ្នា។

ចំណែកឯ ខេត្តស៊ីជាំង (Zhejiang) ដែលស្ថិតនៅក្បែរទីក្រុងសៀងហៃ ក៏បានបង្កើនការឆ្លើយតបគ្រាអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃអាទិត្យម្សិលមិញនេះផងដែរ ដោយបានបិទនូវសាលារៀន និងផ្អាកនូវរាល់ជើងហោះហើរ និងសេវាកម្មផ្លូវដែកនៅក្នុងទីក្រុងមួយចំនួន រួមទាំងបានចេញសេចក្ដីប្រកាសអាសន្នកម្រិតពណ៌ក្រហម ចំពោះគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងស្រុកចំនួន ០៩ របស់ខ្លួន។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍ផ្លូវការ ព្យុះទីហ្វុង Chanthu នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងពីកម្រិត ២៥០មីលីម៉ែត្រទៅ ២៨០មីលីម៉ែត្រនៅតំបន់ខ្លះនៃខេត្ត ជាំងស៊ូ (Jiangsu) នៅភាគអាគ្នេយ៍ ក៏ដូចជាទីក្រុងសៀងហៃ និងខេត្ត Zhejiang នៅភាគឦសាន្ត៕