(តូក្យូ)៖ រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកកិច្ចការវ៉ាក់សាំង លោក តារ៉ូ កូណូ (Taro Kono) ត្រូវគេមើលឃើញថា បាននាំមុខក្នុងការស្ទង់មតិសាធារណៈមួយ ស្តីពីបុគ្គលដែលគួរបន្តវេនពី នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) ដែលបានសម្រេចលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

ការស្ទង់មតិខាងលើ ត្រូវបានធ្វើឡើង ដោយសារព័ត៌មានជប៉ុន Nikkei និងស្ថានីយទូរទស្សន៍តូក្យូ កាលពីចន្លោះថ្ងៃទី០៩-១១ ខែកញ្ញា ដែលបានដាក់សំណួរថា តើអ្នកណាជាបុគ្គលស័ក្តិសមជាងគេ ដើម្បីដឹកនាំបក្សកាន់អំណាច LDP និងក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ក្នុងនោះ លោក កូណូ ទទួលបានសំឡេងគាំទ្រ ២៧ភាគរយ ខ្ពស់ជាងគេ។

បុគ្គលបន្ទាប់ទៀតរួមមាន អតីតអគ្គលេខាបក្ស LDP លោក ស៉ីហ្កេរុ អ៉ីស៉ីបា (Shigeru Ishiba) ដែលស្ថិតនៅលំដាប់ទី២ ទទួលបានការគាំទ្រ ១៧ភាគរយ ហើយអតីតប្រមុខការទូតជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) ស្ថិតនៅលំដាប់ទី៣ ទទួលបានការគាំទ្រ ១៤ភាគរយ ខណៈអតីតរដ្ឋមន្រ្តីមហាផ្ទៃជប៉ុន លោកស្រី សាណេ តាកៃឈិ (Sanae Takaichi) ស្ថិតនៅលំដាប់ទី៥ ដោយទទួលបានការគាំទ្រ ៧ភាគរយ។ លោក កូណូ, លោក គីសីដា និងលោកស្រី តាកៃឈិ សុទ្ធតែប្រកាសរួចរាល់ហើយថា នឹងឈរឈ្មោះប្រកួតប្រជែងយក តំណែងប្រធានគណបក្ស LDP។

គួរបញ្ជាក់ថា លោក ស៊ូហ្កា បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោយកាន់អំណាចបាន១ឆ្នាំ នៅចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាព និងការមិនពេញចិត្តជុំវិញចំណាត់ការឆ្លើយតបរបស់លោក ប្រឆាំងនឹងវិបត្តិ COVID-19។ ប្រការនេះតម្រូវឲ្យ គណបក្ស LDP រៀបចំការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី នៅថ្ងៃទី២៩ ខែកញ្ញា។ អ្នកដែលឈ្នះគឺនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ដ្បិតបក្ស LDP មានសំឡេងភាគច្រើនក្នុងរដ្ឋសភាជប៉ុន។ ក្រោយការបោះឆ្នោតនោះ ជប៉ុនទំនងជានឹងរៀបចំការបោះឆ្នោតសកល នៅកំលុងខែវិច្ឆិកាខាងមុខ៕