(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសបារាំង លោក ហ្សង់វីស ឡឺដ្រៀន (Jean-Yves Le Drian) បានលើកឡើងថា ក្រុមតាលីបង់ កំពុងនិយាយភូតកុហកអន្តរជាតិ ហើយបារាំងនឹងមិនមានទំនាក់ទំនងអ្វីទាំងអស់ ជាមួយរដ្ឋាភិបាលដែលពួកគេទើបប្រកាសបង្កើតថ្មី សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍បារាំង កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោក ឡឺដ្រៀន បាននិយាយយ៉ាងដូច្នេះថា «ពួកគេ (តាលីបង់) បាននិយាយថា ពួកគេនឹងអនុញ្ញាតឲ្យជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ចាកចេញដោយសេរី ហើយថែមទាំងបានអះអាង ពីការបង្កើតរដ្ឋាភិបាល ដែលមានបរិយាបន្ននិងតំណាងឲ្យគ្រប់គ្នា ប៉ុន្តែតាមពិតពួកគេកំពុងតែកុហក»

លោករដ្ឋមន្រ្តីការបរទេសបារាំង បានបន្តថា «ប្រទេសបារាំងនិងពុំទទួលស្គាល់ ឬមានទំនាក់ទំនងក្នុងទម្រង់ណាមួយ ជាមួយរដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ។ យើងចង់បានសកម្មភាពជាក់ស្តែងពីតាលីបង់ ហើយពួកគេក៏នឹងត្រូវការបន្ធូរបន្ថយបន្ទុកផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយអន្តរជាតិផងដែរ ប៉ុន្តែអ្វីៗដែលអាស្រ័យលើទង្វើពួកគេប៉ុណ្ណោះ»។

គួរបញ្ជាក់ថា លោក ឡឺដ្រៀន នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាតា នាថ្ងៃអាទិត្យនេះ ដើម្បីជជែកអំពីការជម្លៀសមនុស្សថែមទៀត ពីប្រទេសអាហ្វហ្កានីស្ថាន។ បើតាមលោក ឡឺដ្រៀន នៅមានជនជាតិបារាំងមួយចំនួន ដែលកំពុងស្ថិតនៅទីនោះ រួមជាមួយជនជាតិ អាហ្វហ្កាស្ថានខ្ទង់រយនាក់ ដែលមានទំនាក់ទំនងជាមួយបារាំង៕