(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្ដហោះចម្បាំងរបស់អ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងជាច្រើនកន្លែង របស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីន ជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានគេចាញ់ចូលមកក្នុងទឹកដីអ៉ីស្រាអែល កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ។

 

២៖ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បាននិយាយថាចិន និងវៀតណាមគួរតែបញ្ចៀសឱ្យបាននូវរាល់ការធ្វើសកម្មភាពឯកតោភាគី ទាំងឡាយណា ដែលអាចនាំឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងបង្កឱ្យមានជម្លោះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។

 

៣៖ អាជ្ញាធរកោះតៃវ៉ាន់បានប្រកាសថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ចន្ធូ (Chanthu) អាចនឹងវាយប្រហារមកលើដែនកោះមួយនេះ នៅចុងសប្ដាហ៍នេះ ដោយនាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយព្យុះនេះទំនងនឹងក្លាយជាព្យុះទីហ្វុងដំបូងគេ ដែលបោកបក់ដោយផ្ទាល់លើកោះតៃវ៉ាន់ ក្នុងរយៈពេល ២ឆ្នាំមកនេះ។

 

៤៖ ក្រសួងការបរទេសរុស្ស៉ីបានឲ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី លោក ចន សាល់លីវែន (John Sullivan) ឱ្យមកជួបពិភាក្សាគ្នា ទាក់ទងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ចូលទៅក្នុងការបោះឆ្នោតសភារុស្ស៉ីនាពេលខាងមុខនេះ។

 

៥៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃសៅរ៍នេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីប្រារព្ធពិធីរំលឹកខួបឆ្នាំទី ២០ នៃការវាយប្រហារដោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក។

 

៦៖ ថ្ងៃនេះជាខួប ២០ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្មពីសំណាក់ក្រុមភេរវករ «អាល់កៃដា» នៅក្នុងដែនដី នៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ព្រឹត្តិការណ៍ភេរវកម្មនេះ ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្ត សហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបានបណ្តាលឲ្យមនុស្ស ២,៩៩៦នាក់ស្លាប់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស៕