(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃសៅរ៍នេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីប្រារព្ធពិធីរំលឹកខួបឆ្នាំទី ២០ នៃការវាយប្រហារដោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres បានគូសបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍នោះថា «ថ្ងៃនេះ យើងប្រារព្ធទិវាដ៏ខ្មៅងងឹតមួយ ដែលនៅដិតជាប់នៅក្នុងចិត្តរបស់មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក... វាជាថ្ងៃដែលជីវិតមនុស្សជិត ៣,០០០នាក់មកពីជាង ៩០ប្រទេស ត្រូវបានពួកភេរវករលេបត្របាក់ក្នុងការវាយប្រហារដ៏អាក្រក់ និងកំសាកបំផុត នៅលើទឹកដីសហរដ្ឋអាមេរិក ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស»

លោក Antonio Guterres បានថ្លែងបន្តទៀតថា «ថ្ងៃនេះ ចិត្តរបស់ខ្ញុំគឺនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ យើងសូមសម្តែងការគោរពដល់អ្នក ដែលនៅរស់រានមានជីវិត ដោយបានជម្នះនូវស្នាមរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីបន្តជីវិតរបស់ពួកគេ។ យើងសូមសម្តែងការគោរពដល់អ្នក ដែលបានដាក់ខ្លួនចូលទៅក្នុងផ្លូវដ៏គ្រោះថ្នាក់ និងបានធ្វើការលះបង់ ដើម្បីលើកជាឧទាហរណ៍ឱ្យឃើញជាក់លាក់ ពីអំពើមនុស្សធម៌ និងមេត្តាធម៌ ដែលក្រុមភេរវករព្យាយាមលុបបំបាត់... ហើយយើងនឹងចងចាំពីការសាមគ្គីភាព ការឯកភាព និងការព្យាយាមរកដំណោះស្រាយ ដែលសហគមន៍អន្តរជាតិបានធ្វើកាលពី ២០ឆ្នាំមុន ក្នុងគោលបំណងលុបបំបាត់ អំពើភេរវកម្មនៅថ្ងៃអនាគត»

លោក Antonio Guterres បានសង្កត់ធ្ងន់ថា «ថ្ងៃនេះ យើងសូមឈរដោយសាមគ្គីភាព ជាមួយប្រជាជននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក៏ដូចជាជនរងគ្រោះទាំងអស់នៃអំពើភេរវកម្ម នៅគ្រប់ទិសទីនៅជុំវិញពិភពលោក ហើយយើងសូមប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីគាំទ្រ និងការពារសិទ្ធិ និងតម្រូវការរបស់ពួកគេ»

គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅបុរីញ៉ូយ៉ក ដែលត្រូវបានបង្កឡើងដោយក្រុមភេរវករអាល់កៃដា ដែលមាន អូសាម៉ា ប៊ិនឡាដិន ជាមេក្លោង បានបង្កឲ្យមនុស្សស្លាប់ ២,៩៩៦នាក់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស ហើយកុមារប្រមាណជាង ៣,០០០នាក់ បានបាត់បង់ឪពុក-ម្តាយរបស់ខ្លួន។ ប ន្ថែមពីនេះ សហរដ្ឋអាមេរិកបានខាតបង់ថវិកា ១០ពាន់លានដុល្លារ ដោយសារតែការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ៕