(កង់បេរ៉ា)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុតទី៣ របស់ប្រទេសអូស្រ្តាលី នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា ខ្លួនអាចបញ្ជាឱ្យមានការដាក់ចេញនូវវិធានការបិទខ្ទប់ភ្លាមៗ បន្ទាប់ពីមានករណីឆ្លងជំងឺ COVID-19 ជាចង្កោមត្រូវបានរាយការណ៍។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

អាជ្ញាធរក្នុងរដ្ឋឃ្វីនស៍ឡែនដ៍ (Queensland) ដែលមានប្រជាជនរស់នៅជាង ៥លាននាក់ បាននិយាយថាខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីគ្រួសារមួយបានធ្វើតេស្តវិជ្ជមានចំពោះជំងឺឆ្លង ដ៏កាចសាហាវនេះ។ ជុំវិញបញ្ហានេះ នឹងមានការសម្រេចនៅប៉ុន្មានថ្ងៃខាងមុខទៀតថាតើវិធានការបិទខ្ទប់ គួរតែត្រូវដាក់ចេញដែរ ឬទេ?

លោកស្រី Annastacia Palaszczuk ប្រមុខរដ្ឋាភិបាលនៃរដ្ឋ Queensland បានបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងចាប់ផ្តើមមើលឃើញករណី ឆ្លងរីករាលដាលណាមួយហើយនោះ យើងប្រហែលជាត្រូវចាត់វិធានការយ៉ាងឆាប់រហ័សភ្លាមៗ ប៉ុន្តែនៅពេលនេះយើងត្រូវតាមដានគ្រួសារ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នេះជាមុនសិន»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេស ៧១,៩៧២ ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៨៤នាក់ និងអ្នកជាសះស្បើយ ៣៦,១៧៣នាក់៕