(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ចន្ធូ (Chanthu) អាចនឹងវាយប្រហារមកលើដែនកោះមួយនេះ នៅចុងសប្ដាហ៍នេះ ដោយនាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយព្យុះនេះទំនងនឹងក្លាយជាព្យុះទីហ្វុងដំបូងគេ ដែលបោកបក់ដោយផ្ទាល់លើកោះតៃវ៉ាន់ ក្នុងរយៈពេល ២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

បើតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់ ព្យុះទីហ្វុង Chanthu ត្រូវបានអាជ្ញាធររំពឹងថា នឹងបកបោកមកដល់តំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ មុននឹងវាបន្តបក់បោកទៅកាន់ភាគឦសាន ដោយតម្រង់មកក្បែរទីក្រុងតៃប៉ិ នៅរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយបន្ទាប់មកព្យុះនេះបក់បោកទៅកាន់ខេត្ត ស៊ីជាំង (Zhejiang) ប្រទេសចិន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរតៃវ៉ាន់ ជើងហោះហើររាប់សិបជើង ត្រូវបានលុបចោលរួចរាល់ហើយ បើទោះជាមិនទាន់មានផលប៉ះពាល់អ្វីក៏ដោយ។ បន្ថែមពីលើនេះ ព្យុះទីហ្វុង Chanthu ក៏ត្រូវបានគេព្យាករដែរថា នឹងវាយប្រហារលើកោះតៃវ៉ាន់ ជាប្រភេទខ្យល់ព្យុះទីហ្វុងកម្រិតទី ៤ ដែលស្ថិតនៅក្រោមមួយកម្រិតនៃប្រភេទព្យុះ super-typhoon ឬព្យុះទីហ្វុងកំណាច ជាមួយល្បឿនខ្យល់បក់រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕