(កាប៊ុល)៖ ក្រុមតាលីបង់នៅថ្ងៃអង្គានេះ បានបាញ់ព្រមានទៅលើអាកាសជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងបាតុករដែលបានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងប្រទេសប៉ាគីស្ថាន ដែលពួកគេចោទថា បានលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រៅពីទីក្រុងកាប៊ុល បាតុកម្មតវ៉ាក៏ត្រូវបានគេរាយការណ៍ថា មាននៅឯទីក្រុង ហឺរ៉ាត (Herat) និងទីក្រុង ម៉ាហ្សា អាយ ហ្សាអ៊ីហ្វ (Mazar-i-Sharif) ផងដែរ។ នៅថ្ងៃអង្គារនេះ មនុស្សយ៉ាងហោច ៧០នាក់ ក្នុងនោះភាគច្រើនជាស្ត្រី បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខស្ថានទូតប៉ាគីស្ថាន ប្រចាំទីក្រុងកាប៊ុល ដោយលើកផ្ទាំងបដា និងស្រែកច្រៀងប្រឆាំងនឹងអ្វីដែលពួកគេបានចោទថា ជាការលូកលាន់កិច្ចផ្ទៃក្នុងអាហ្វហ្កានីស្ថានពីសំណាក់ប៉ាគីស្ថាន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់តាលីបង់។ បើតាមអ្នកសារព័ត៌មាន AFP ក្រុមតាលីបង់បានបាញ់ព្រមានទៅអាកាសជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងបាតុករ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅថ្ងៃអង្គារនេះ កើតមានឡើងបន្ទាប់ពីក្រុមតាលីបង់បានអះអាងថា បច្ចុប្បន្នពួកគេកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថានទាំងស្រុង ក្រោយទទួលបានជ័យជម្នះលើចលនាតស៊ូក្នុងខេត្ត ផាន់ហ្សៀរ (Panjshir) ជាខេត្តចុងក្រោយគេបំផុតដែលនៅតែតស៊ូប្រឆំាំងនឹងតាលីបង់។

សម្រាប់ប៉ាគីស្ថានវិញ ត្រូវបានក្រុមអ្នកតវ៉ាអាហ្វហ្កានីស្ថាន ខាងលើនេះចោទប្រកាន់ថា ជាអ្នកគាំទ្រ និងទំនុកបម្រុងធំបំផុតដល់ក្រុមតាលីបង់ ដែលនេះបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានដែលខ្លាចថា ក្រុមតាលីបង់អាចនឹងស្ថិតនៅក្រោមឥទ្ធិពល ឬធ្វើតាមការបញ្ជារបស់ទីក្រុងអ៉ីស្លាម៉ាបាដ ដោយមិនមានឯករាជ្យភាពខ្លួនឯង៕