(ប៉េកាំង)៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក John Forbes Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ បានបញ្ចប់ទស្សនកិច្ច នៅប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានប្រទេសប៉ែកខាងលិចមួយចំនួនយល់ឃើញថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Kerry លើកនេះមិនបានទទួលលទ្ធផល អ្វីនោះទេ ប៉ុន្តែតាមការពិតមិនមែនដូចអ៊ីចឹងទេ លទ្ធផលធំបំផុតនៃទស្សនកិច្ចរបស់លោក Kerry លើកនេះគឺបាននាំមកវិញនូវមធ្យោបាយសម្រាប់ធ្វើឱ្យទំនាក់ទំនង រវាងចិននិងអាមេរិកដើរចេញផុតពីភាពទាល់ច្រក។

ក្នុងមួយរយៈពេលកន្លងទៅនេះ ដោយមកពីភាគីអាមេរិកបានអនុវត្តគោលនយោបាយខុសឆ្គងដ៏ធ្ងន់ធ្ងរមួយចំនួនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងបំផ្លាញ ផលប្រយោជន៍របស់ភាគីចិន ដូច្នេះទំនាក់ទំនងរវាងចិននិងអាមេរិកបានជួបប្រទះការលំបាកដ៏ធ្ងន់ធ្ងរ។ ក្នុងបរិបទបែបនេះ លោក John Forbes Kerry បានទៅបំពេញ ទស្សនកិច្ចពីរលើកនៅប្រទេសចិនក្នុងរយៈពេលកន្លះឆ្នាំ ដែលត្រូវបានមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាចំណុចលេចធ្លោដែលពិបាកទទួលបានក្នុងទំនាក់ទំនងរវាង ចិននិងអាមេរិក។

ក្នុងអំឡុងពេលដែលលោក John Forbes Kerry បំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Xie Zhenhua បេសកជនពិសេសទទួលបន្ទុកកិច្ចការបម្រែបម្រួល អាកាសធាតុរបស់ចិនបានជួបពិភាក្សាការងារជាមួយលោកតាមការណាត់ ហើយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ចិនក៏បានជួបសន្ទនាជាមួយលោកតាមប្រព័ន្ធវីដេអូផងដែរ។ ភាគីទាំងពីរចិននិងអាមេរិកបានផ្លាស់ប្តូរមតិយោបល់អំពីកិច្ចសហប្រតិបត្តិការផ្នែកបម្រែបម្រួលអាកាសធាតុ និងមហាសន្និបាតរបស់ភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ» លើកទី២៦ជាដើម។

បើទោះបីជាទំនាក់ទំនងរវាងចិន និងអាមេរិកបានឈានចូលដំណាក់កាលលំបាក ក៏ប៉ុន្តែការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមានសង្ឃឹមក្លាយជាវិស័យសំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការផ្នែកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិកគួរយក «កិច្ចព្រមព្រៀងក្រុងប៉ារីស» ជាមូលដ្ឋាន ចិនគោរពសិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិជ្រើសរើសរបស់ប្រទេសនានា ហើយសិទ្ធិអភិវឌ្ឍន៍និងសិទ្ធិជ្រើសរើសរបស់ចិនក៏ចាំបាច់ត្រូវទទួលការគោរពផងដែរ។

ពេលភាគីអាមេរិកពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកបម្រែបម្រួលអាកាសធាតុជាមួយភាគីចិន គួរតែគិតពិចារណាពីបញ្ហានេះជាមុនសិន។ បើសិនជាចិន និងអាមេរិក មានភាពស៊ីសង្វាក់គ្នាគឺអាចទទួលបានផលប្រយោជន៍ជាមួយគ្នា តែបើសិនជាបដិបក្ខគ្នាក៏នឹងបរាជ័យទាំងស្រុងដែរ។ នេះជាហេតុផលដែលត្រូវប្រវត្តិសាស្ត្រ និងការពិតជាក់ស្តែងបញ្ជាក់ម្តងហើយម្តងទៀត។ បច្ចុប្បន្ននេះ ចិន និងអាមេរិកមានចន្លោះសហប្រតិបត្តិការក្នុងវិស័យទ្វេភាគីដូចជាបម្រែបម្រួលអាកាសធាតុ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។

ប៉ុន្តែកិច្ចសហប្រតិបត្តិការបែបនេះចាំបាច់ត្រូវផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ភាគីអាមេរិកមិនត្រូវបំផ្លាញផលប្រយោជន៍របស់ភាគីចិនផង រំពឹងទុកភាគីចិនធ្វើ កិច្ចសហប្រតិបត្តិការដោយគ្មានលក្ខខណ្ឌផង។ ភាគីអាមេរិកមានតែប្រើក្រសែភ្នែកសត្យានុម័ត និងប្រកបដោយវិចារណញ្ញាណទៅលើទំនាក់ទំនងរវាងចិន និងអាមេរិក ទើបអាចលុបបំបាត់ឧបសគ្គរារាំងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក៕