(ហុងកុង)៖ រដ្ឋាភិបាលហុងកុង នឹងអនុញ្ញាតឱ្យអ្នកដំណើរមកពីចិនដីគោក ចូលមកក្នុងទីក្រុងរបស់ខ្លួន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័ក ខណៈកំពុងព្យាយាម ស្ដារឡើងវិញនូវការធ្វើដំណើរទៅ និងមកយ៉ាងជិតស្និទជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បានឱ្យដឹងថាការសម្រេចចិត្តខាងលើគឺធ្វើឡើង នៅក្រោមកម្មវិធីធ្វើដំណើរ «Come2hk» ដែលនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៥ ខែកញ្ញានេះ ជាមួយការអនុញ្ញាតឱ្យប្រជាជនដែលមិនមែនជាពលរដ្ឋហុងកុង មកពីចិនដីគោក និងទីក្រុងម៉ាកៅ ចំនួន ២,០០០នាក់ អាចធ្វើចូលមកក្នុងទីក្រុងហុងកុង ក្នុងមួយថ្ងៃ។ ប៉ុន្តែ ពួកគេនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដជាប្រចាំ ក្នុងនោះរួមមានទាំងការធ្វើតេស្ដ នៅពេលធ្វើដំណើរមកដល់ ដើម្បីធានាឱ្យបានថាពួកគេមានអង់ទីករប្រឆាំងនឹង COVID-19។

គួរបញ្ជាក់ថា បើតាមលោកស្រី Carrie Lam រដ្ឋាភិបាលហុងកុងនឹងបញ្ចេញសេចក្ដីប្រកាសព័ត៌មានលម្អិតបន្ថែម ពីគម្រោងខាងលើក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ មិនមែនជាការអនុវត្តទៅវិញទៅមកនោះទេ។ ពោលគឺអ្នកដំណើរមកពីទីក្រុងហុងកុង ដែលធ្វើដំណើរទៅកាន់ចិនដីគោក នៅតែត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កដដែល៕