(រ៉ូម)៖ ក្រុមប្រទេសអ្នកមានទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ខ្លួនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយប្រទេសក្រីក្រ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

អ៊ីតាលី ដែលកំពុងកាន់តំណែងជាប្រធានក្រុមប្រទេស G20 ក្នុងឆ្នាំ២០២១នេះ បាននិយាយថាកិច្ចប្រជុំដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងនយោបាយ ដើម្បីបង្កើនការគាំទ្រដល់ប្រទេសក្រីក្រ និងបញ្ជូនវ៉ាក់សាំងបន្ថែមទៀតដល់ពួកគេផងដែរ។

រដ្ឋមន្រ្តីសុខាភិបាលអ៊ីតាលី លោក រ៉ូប៊ឺតូ ស្ពេរ៉ាន់ហ្សា (Roberto Speranza) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «កម្រិតវិសមភាពវ៉ាក់សាំង គឺខ្ពស់ពេកហើយ មិនមាននិរន្តរភាព។ ប្រសិនបើយើងទុកចោលនូវផ្នែកមួយចំនួននៃពិភពលោកដោយគ្មានវ៉ាក់សាំង យើងប្រថុយនឹងការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ហើយ ដែលវានឹងធ្វើឱ្យយើងទាំងអស់គ្នាពិបាក.. សាររបស់យើងច្បាស់ណាស់ គឺចង់មានន័យថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទេ»។

លោក Roberto Speranza បានបន្ថែមថា «ប្រទេសដែលខ្លាំងបំផុត...បានប្តេជ្ញាវិនិយោគធនធានសំខាន់ៗ និងបញ្ជូនវ៉ាក់សាំងទៅដោយផុយស្រួយបំផុត។ យើងគួរតែ ពង្រឹងប្រព័ន្ធនេះទ្វេភាគី និងតាមរយៈយន្តការអន្តរជាតិដែលចាប់ផ្តើមពីយន្តការ COVAX»

ទោះយ៉ាងណាក៏ដោយ សេចក្តីប្រកាសដែលមាន ១១ទំព័រដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ មិនបានផ្តល់កិច្ចសន្យាផ្នែកហិរញ្ញវត្ថុថ្មីទេ ប៉ុន្តែលោក Roberto Speranza បានអះអាងថា ទាំងនេះអាចត្រូវបានផ្តល់ជូននៅក្នុងកិច្ចប្រជុំរួមគ្នាមួយនៃរដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 នៅខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា វ៉ាក់សាំង កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសក្រីក្រតាមរយៈយន្តការអន្តរជាតិ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ GAVI៕