(ដូហា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតាហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបើកកិច្ចពិភាក្សាជាមួយសមភាគីកាតារបស់លោក ពីវិបត្តិនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

មុននឹងការមកដល់របស់លោក Antony Blinken មន្ត្រីអាមេរិកបានឱ្យដឹងថាពលរដ្ឋអាមេរិក៤នាក់ បានចាកចេញពីអាហ្វហ្កានីស្ថានដោយក្រុមតាលីបង់មិនបាន បង្កឧបសគ្គរារាំងអ្វីឡើយ ហើយនេះគឺជាការជម្លៀសពលរដ្ឋអាមេរិកដំបូងបំផុតចាប់តាំងពីកងទ័ពអាមេរិកត្រូវបានដកចេញទាំងស្រុងកាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅមក។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Blinken មិនមានគម្រោងជួបពិភាក្សាការងារជាមួយអ្នកតំណាងណាមួយរបស់ក្រុមតាលីបង់ប្រចាំទីក្រុងដូហាឡើយ ប៉ុន្តែ មន្ត្រីក្រសួងការបរទេសអាមេរិក លោក Dean Thompson បាននិយាយថាទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តសហការជាមួយក្រុមមួយនេះលើបញ្ហាមួយចំនួនតូច។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Antony Blinken មកកាន់ប្រទេសកាតា ធ្វើឡើងនៅចំពេលវិបត្តិនៅអាហ្វហ្កានីស្ថាន កំពុងធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិក មានការសង្ស័យលើការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះពួកគេ ហើយវាក៏ជាឱកាសមួយដើម្បីឱ្យលោក Blinken បញ្ជាក់ប្រាប់សម្ព័ន្ធមិត្តថាការដកខ្លួនរបស់ អាមេរិកពីអាហ្វហ្កានីស្ថាន មិនមែនមានន័យថាពួកគេនឹងត្រូវបានបោះបង់ចោលនោះទេ៕