(កាប៊ុល)៖ មេដឹកនាំចលនាតស៊ូនៅជ្រលងភ្នំ Panjshir នៃប្រទេសអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យមាន «ការបះបោរជាតិ» ប្រឆាំងនឹងពួកតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅយប់ថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសារជាសំឡេងផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មេបញ្ជាការរណសិរ្សតស៊ូជាតិ (NRF)លោក Ahmad Massoud បាននិយាយថា «មិនថាអ្នកនៅខាងក្នុងឬខាងក្រៅ ខ្ញុំសូមអំពាវនាវឱ្យអ្នកចាប់ផ្តើមការធ្វើបះបោរជាតិ ដើម្បីសេចក្តីថ្លៃថ្នូរ សេរីភាព និងវិបុលភាព នៃប្រទេសរបស់យើង»

គួរបញ្ជាក់ថា ក្រុមតាលីបង់បានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តំបន់ជ្រលងភ្នំនៃខេត្ត ផាន់ហ្សៀរ (Panjshir) ត្រូវបានរំដោះទាំងស្រុងហើយ ពីក្រុមរណសិរ្សតស៊ូជាតិ (NRF) ហើយប្រការនេះមានន័យថា ទឹកដីអាហ្វហ្កានីស្ថានទាំងមូល លែងមានតំបន់ប្រឈមមុខនឹងសង្គ្រាមទៀតហើយ។

ការប្រកាសជោគជ័យទាំងស្រុង ដោយក្រុមតាលីបង់នៅថ្ងៃចន្ទនេះ បានកើតមានឡើងស្របពេលដែលមន្ត្រីការទូតសហរដ្ឋអាមេរិក ទើបចាកចេញទៅកាន់ប្រទេសកាតា ដើម្បីព្យាយាមស្វែងយល់ស្ថានការណ៍ទូទៅ និងដោះស្រាយបញ្ហាដែលនៅសល់នានា បន្ទាប់ពីការដកកងទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាការបិទបញ្ចប់វត្តមានរយៈពេល ២០ឆ្នាំនោះ។

សម្រាប់ជ្រលងយុទ្ធសាស្ត្រ Panjshir ស្ថិតនៅក្នុងខេត្ត Panjshir ភាគឦសានទីក្រុងកាប៊ុល គឺជាទីតាំងតែមួយគត់ ដែលមិនព្រមចុះចាញ់នោះឡើយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ តំបន់នេះធ្លាប់ជាជម្រកនៃប្រជាជនអាហ្វហ្កានីស្ថាន និងកងទ័ពរបស់រដ្ឋាភិបាលមុន ដែលមិនព្រមចុះចូលនឹងតាលីបង់ ទោះបីជាក្រុមតាលីបង់ធានាថា នឹងធ្វើការរួបរួមគ្នាវិញ ដោយសន្តិវិធីយ៉ាងណាក៏ដោយ៕