(ម៉ានីល)៖ ប្រទេសហ្វីលីពីននឹងដកចេញ «វិធានការបង្គាប់ឱ្យនៅក្នុងផ្ទះ» សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល ជាការសាកល្បង ខណៈរដ្ឋាភិបាលរបស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កំពុងព្យាយាមស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ការបន្ធូរបន្ថយវិធានការរឹតត្បិតខាងលើ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ខណៈមានការរំពឹងថាការបន្ធូរបន្ថយនេះនឹងអនុញ្ញាតឱ្យបណ្ដាអាជីវកម្មនានាដែលរងគ្រោះដោយសារ COVID-19 អាចនឹងបើកដំណើរការរបស់ខ្លួនឡើងវិញ និងជំរុញ កំណើនទេសចរណ៍ក្នុងស្រុក។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលនៅតែមានការព្រួយបារម្ភដដែល ខណៈករណីឆ្លងប្រចាំថ្ងៃនៅតែបានហក់ឡើងខ្ពស់ជាង ២០,០០០នាក់ ក្នុងរយៈពេលបីថ្ងៃមកនេះ ដោយសារតែវីរុសបំប្លែងថ្មី Delta។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បច្ចុប្បន្ន ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប ២.១លាននាក់ ក្នុងនោះស្លាប់ ៣៤,៣៣៧នាក់ និងជាសះស្បើយឡើងវិញ ១.៩លាននាក់៕