(ចឹងចូវ)៖ «ជោគវាសនារួមឆ្នាំ២០២១ (Shared Destiny-2021)» ដែលជាសមយុទ្ធរក្សាសន្តិភាពអន្តរជាតិ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ នៅខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

នេះគឺជាលើកទីមួយហើយ ដែលយោធាចិនរៀបចំធ្វើឡើងនូវសមយុទ្ធបែបនេះ ដោយមានការចូលរួមពីកងទ័ពមកពីប្រទេសនានា រួមមានប្រទេសចិន ម៉ុងហ្គោលី ប៉ាគីស្ថាន និងថៃជាដើម។

សកម្មភាពនៃសមយុទ្ធនេះ រួមមានការឈ្លបយកការណ៍នៅសមរភូមិ ការយាមល្បាត ការការពារជនស៊ីវិល ភារកិច្ចប្រឆាំងនឹងភេរវកម្ម ការជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រ និងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លង។

គួរបញ្ជាក់ថា សមយុទ្ធនេះ នឹងដំណើរការរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដែលវាមានគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមបណ្តាប្រទេសដែលរួមចំណែកដល់កងទ័ព ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) និងបង្កើនសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាព ដែលឈរជើង៕