(ញូយ៉ក)៖ តួលេខអ្នកស្លាប់ដោយសារព្យុះហឺរីខិន អាយដា (Ida) បានបន្តកើនឡើងថែមទៀត ខណៈមនុស្សជិត៦០០,០០០នាក់ នៅរដ្ឋល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិក នៅតែគ្មានអគ្គីសនីប្រើប្រាស់អស់រយៈពេល ០១សប្តាហ៍ហើយ ក្រោយព្យុះដ៏ខ្លាំងក្លានេះ ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ព្យុះហឺរីខិន Ida មានកម្លាំងជាព្យុះហឺរីខិនកម្រិតទី៤ នៅពេលវាបោកបក់ចូលមកដល់រដ្ឋ Louisiana កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ជាមួយល្បឿនខ្យល់បក់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំនួនអ្នកស្លាប់នៅទីនោះ បានកើនឡើងដល់យ៉ាងហោចណាស់ ១៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា។

បើតាមតួលេខដែលបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃអាទិត្យ ទោះព្យុះហឺរីខិន Ida បានថយចុះថាមពល កំលុងពេលវាធ្វើដំណើរទៅកាន់ ភាគខាងជើងពីរដ្ឋ Louisiana ក៏ដោយ វានៅតែមានសមត្ថភាពបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ តាមតំបន់ឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក ដែលជាពិសេសនៅរដ្ឋញូយ៉ក និងញូជឺស៊ី ហើយមនុស្សយ៉ាងហោច៥០នាក់ទៀត បានបាត់បង់ជីវិត។

ជនរងគ្រោះទាំងអស់នោះ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅក្នុងផ្ទះ និងនៅក្នុងរថយន្ត ខណៈទឹកជំនន់បានកើតឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ផងដែរ។ តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋញូជឺស៊ី បានកើនឡើងដល់ ២៧នាក់ និងរដ្ឋញូយ៉ក បានកើនឡើងដល់ ១៧នាក់។

អភិបាលរដ្ឋញូយ៉ក លោកស្រី Kathy Hochul បាននិយាយថា ទឹកជំនន់កាលពីថ្ងៃពុធសប្ដាហ៍មុន ដែលបានបំផ្លាញលំនៅដ្ឋានប្រមាណ ១,២០០ខ្នង និងបានបង្កការខូចខាតនូវទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកផងដែរ។

ជុំវិញបញ្ហានេះ លោកស្រី Kathy Hochul បានធានានូវការប្រកាសអាសន្នពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបានចុះហត្ថលេខាលើឯកសារស្នើសុំថវិកាសហព័ន្ធដែលពាក់ព័ន្ធមួយ កាលពីថ្ងៃអាទិត្យ ដើម្បីចំណាយលើការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន ក៏ដូចជាការសាងសង់លំនៅដ្ឋានឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយគ្រោះទឹកជំនន់នេះផងដែរ៕