(កាប៊ុល)៖ ក្រុមតាលីបង់បានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តំបន់ជ្រលងភ្នំនៃខេត្ត ផាន់ហ្សៀរ (Panjshir) ត្រូវបានរំដោះទាំងស្រុងហើយ ពីក្រុមរណសិរ្សតស៊ូជាតិ (NRF) ហើយប្រការនេះមានន័យថា ទឹកដីអាហ្វហ្កានីស្ថានទាំងមូល លែងមានតំបន់ប្រឈមមុខនឹងសង្គ្រាមទៀតហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

ប្រធានក្រុមអ្នកនាំពាក្យរបស់តាលីបង់លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ ( Zabihullah Mujahid) បានថ្លែងនៅថ្ងៃចន្ទនេះថា «ជាមួយនិងជ័យជម្នះនេះ ប្រទេសរបស់យើងគឺជាទឹកដី ដែលត្រូវបានរំដោះខ្លួនទាំងស្រុង ចេញពីសង្គ្រាមហើយ»។ កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅកាប៊ុល) ក្រុម NRF ត្រូវបានគេដឹងថា បានរងការវាយសង្គ្រប់យ៉ាងដំណំ ពីសំណាក់កងកម្លាំងក្រុមតាលីបង់ ហើយក្រោយមកទៀតក្រុមនេះ ក៏បានស្នើឲ្យមានបទឈប់បាញ់តែម្តង ដោយសារមិនអាចទប់ទល់តទៅទៀតបាន។

គួរបញ្ជាក់ថា ការប្រកាសជោគជ័យទាំងស្រុង ដោយក្រុមតាលីបង់នៅថ្ងៃចន្ទនេះ បានកើតមានឡើងស្របពេលដែលមន្ត្រីការទូតសហរដ្ឋអាមេរិក ទើបចាកចេញទៅកាន់ប្រទេសកាតា ដើម្បីព្យាយាមស្វែងយល់ស្ថានការណ៍ទូទៅ និងដោះស្រាយបញ្ហាដែលនៅសល់នានា បន្ទាប់ពីការដកកងទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាការបិទបញ្ចប់វត្តមានរយៈពេល ២០ឆ្នាំនោះ។

សម្រាប់ជ្រលងយុទ្ធសាស្ត្រ Panjshir ស្ថិតនៅក្នុងខេត្ត Panjshir ភាគឦសានទីក្រុងកាប៊ុល គឺជាទីតាំងតែមួយគត់ ដែលមិនព្រមចុះចាញ់នោះឡើយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ តំបន់នេះធ្លាប់ជាជម្រកនៃប្រជាជនអាហ្វហ្កានីស្ថាន និងកងទ័ពរបស់រដ្ឋាភិបាលមុន ដែលមិនព្រមចុះចូលនឹងតាលីបង់ ទោះបីជាក្រុមតាលីបង់ធានាថា នឹងធ្វើការរួបរួមគ្នាវិញ ដោយសន្តិវិធីយ៉ាងណាក៏ដោយ៕