(ញូយ៉ក)៖ ក្រុមតាលីបង់បានធានាផ្ដល់សុវត្ថិភាពដល់បុគ្គលិកមនុស្សធម៌ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីបានជួបពិភាក្សាជាមួយ ប្រធានកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងកាប៊ុល។ នេះបើតាមប្រភពពីអ្នកនាំពាក្យ UN ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យ UN លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បានឱ្យដឹងថា ប្រមុខកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីហ្វហ្វីហ្វ (Martin Griffiths) បានចំណាយពេលក្នុងទីក្រុងកាប៊ុលអស់ជាច្រើនថ្ងៃ ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតាលីបង់ ពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ព្រមទាំងការផ្ដល់ជំនួយមនុស្សធម៌ចាំបាច់នានា ដល់ប្រជាជនអាហ្វហ្កានីស្ថាន។

បើតាមលោក Stephane Dujarric នៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំតាលីបង់បានសន្យាថា នឹងផ្ដល់សុវត្ថិភាព និងសន្តសុខដល់បុគ្គលិកមនុស្សធម៌មិនថា ប្រុស ឬស្រីនោះទេ គឺអាចធ្វើដំណើរដោយសេរី ដើម្បីបំពេញការងាររបស់ពួកគេ។ រីឯការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្កានីស្ថាន ក៏ត្រូវបានធានាគ្រប់ជ្រុងជ្រោយផងដែរ។

គួរបញ្ជាក់ថា វត្តមានរបស់ប្រមុខកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths ក្នុងទីក្រុងកាប៊ុល កើតមានឡើងចំពេលបេសកកម្ម នយោបាយរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្កានីស្ថាន នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៧ ខែកញ្ញានេះ។ UN បានចេញសារព្រមានជាច្រើនលើក អំពីមហន្តរាយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន និងកំពុងកៀរគរឲ្យអន្តរជាតិ រួមគ្នាផ្តល់ជំនួយដល់ប្រទេសអាស៊ីខាងត្បូងនេះជាបន្ទាន់៕