(តូក្យូ)៖ សាធារណជនជប៉ុនកំពុងបង្ហាញការគាំទ្រ កាន់តែច្រើនឡើងៗចំពោះរដ្ឋមន្ត្រីវ៉ាក់សាំង លោក តារ៉ូ កូណុ (Taro Kono) ក្នុងការបន្តតំណែងជានាយករដ្ឋមន្ត្រីពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ដែលបានប្រកាសកាលពីសប្តាហ៍មុននេះថា នឹងលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លទ្ធផលនៃការស្ទង់មតិលើកទី ២ ត្រូវបានបញ្ចេញនៅព្រឹកថ្ងៃចន្ទនេះតែម្តង ដោយក្នុងនោះសាធារណជនបានបង្ហាញការគាំទ្រខ្លាំងជាងគេ ទៅលើលោក Taro Kono ក្នុងការឈរឈ្មោះប្រកួតប្រជែងយកតំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចនៅជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះ។

ប្រសិនបើលោក Taro Kono ជាប់ជាប្រធានគណបក្ស LDP នោះលោកនឹងត្រូវបន្តតំណែងនាយករដ្ឋមន្ត្រីពីលោក Suga ហើយដឹកនាំបក្សនេះ ទៅដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ និយាយរួមទៅ តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ នឹងមានរយៈពេលតែ ២ខែប៉ុណ្ណោះ រហូតដល់ថ្ងៃបោះឆ្នោត។

យោងតាមលទ្ធផលស្ទង់មតិរបស់កាសែតជប៉ុន យ៉ូមីអ៊ូរិ (Yomiuri Shimbun daily) បានបង្ហាញថា ២៣% នៃអ្នកដែលបានចូលរួមផ្តល់ចម្លើយ បានគាំទ្រលោក Taro Kono ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកចាត់ចែងវ៉ាក់សាំង COVID-19 ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ ដោយឡែកសម្រាប់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហ្ស៊ីហ្គែរុ អ៊ីហ្ស៊ីបា (Shigeru Ishiba) ទទួលបានសំឡេងគាំទ្រ ២១% និងអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ទទួលបាន ១២% នៅក្នុងការស្ទង់មតិជាមួយគ្នា៕