(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានទទួលស្គាល់ថាសមាជិកអាកាសយាននិក ៥នាក់បានស្លាប់ បន្ទាប់ពីពួកគេបានបាត់ខ្លួននៅក្នុងហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ចូលក្នុងសមុទ្រ នៃទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) កងនាវាអាមេរិកបានឱ្យដឹងទៀតថាពួកគេបានផ្លាស់ប្ដូរពីប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ ទៅជាប្រតិបត្តិការស្រង់សាកសពវិញ ក្រោយឧទ្ធម្ភាគចក្រធុន MH-60S បានធ្លាក់ចូលសមុទ្រនៃឆ្នេរទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅនេះ។

គួរបញ្ជាក់ថា បើតាមកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧទ្ធម្ភាគចក្រធុន MH-60S បានហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln តែក្រោយមក ស្រាប់តែធ្លាក់ចូលសមុទ្រ កំឡុងពេលធ្វើប្រតិបត្តិការហោះហើរជាទម្លាប់នៅចម្ងាយប្រហែល ១១១ គីឡូម៉ែត្រពីឆ្នេរនៃទីក្រុង San Diego។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះទេ ស្របពេលការស៊ើបអង្កេតនៅតែបន្តធ្វើឡើងនៅឡើយ៕