(ត្យក្យូ)៖ សារព័ត៌មានជប៉ុន Nikkei នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះបានឱ្យដឹងថារដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់នូវលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង COVID-19 តាមប្រព័ន្ធឌីជីថល ចាប់ខែឆ្នូខាងមុខនេះតទៅ។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មាន Nikkei បានបញ្ជាក់ទៀតថាគម្រោងដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង COVID-19 តាមប្រព័ន្ធឌីជីថល នឹងត្រូវផ្ដោតសំខាន់សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ជាជាងអ្នកធ្វើដំណើរនៅក្នុងស្រុក។ បច្ចេកវិទ្យានេះគឺប្រើការស្កែន QR កូដ តាមកម្មវិធី ឬ app មួយនៅលើទូរស័ព្ទដៃស្មាតហ្វូន។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់សារព័ត៌មាន Nikkei ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានកោះប្រជុំក្រុមប្រឹក្សាមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះដែលមានគោលដៅលើកកម្ពស់ «ប្រព័ន្ធឌីជីថលមួយ» ពាក់ព័ន្ធនឹងគោលនយោបាយលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ឌីជីថល។ ប៉ុន្តែ ខាងរដ្ឋាភិបាលជប៉ុនមិនទាន់ឆ្លើយតបអ្វីទៅនឹងការចុះផ្សាយរបស់ Nikkei នៅឡើយទេ៕