(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មាអ៊ែល សាប៊្រី (Ismail Sabri) កំពុងអនុវត្តវិធានការចត្តាឡីស័ក ក្រោយបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយអ្នកជំងឺ COVID-19 ម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

ដំណឹងខាងលើ ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ ដោយការិយាល័យរបស់លោក Ismail ប៉ុន្តែនៅក្នុងនោះ មិនបានបញ្ជាក់ច្បាស់ថា លោកនាយករដ្ឋមន្រ្តី នឹងត្រូវធ្វើចត្តាឡីស័ករយៈពេលយូរប៉ុនណា ឬក៏ថាតើរូបលោកបានធ្វើតេស្តរក COVID-19 ដែរឬក៏អត់ឡើយ។ លោក Ismail ទើបតែបានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៉ី ក្នុងខែសីហានេះ បន្ទាប់ពីលោក Muhyiddin Yassin បានសម្រេចចិត្តលាលែង ក្រោយទទួលស្គាល់ចំពោះ ការបាត់បង់សំឡេងគាំទ្រភាគច្រើនក្នុងសភា។

គួរបញ្ជាក់ថា ការឡើងកាន់តំណែងរបស់លោក Ismail គឺចំពេលដែលសាធារណជនម៉ាឡេស៉ី មានការមិនពេញចិត្តជាខ្លាំង ចំពោះការគ្រប់គ្រងវិបត្តិ COVID-19 ដោយអត្រាឆ្លងរាលដាល បានហក់ឡើងខ្ពស់មិនធ្លាប់មាន បូករួមជាមួយបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយវិធានការរឹតត្បិត៕