(កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានថ្កោលទោសចំពោះ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា វាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

លោក Zabihullah Mujahid បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន CGTN ក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះសំណួរអំពីការវាយប្រហារតាមអាកាសថា «យើងថ្កោលទោសចំពោះការវាយប្រហារបែបនេះ ព្រោះវាជាអំពើខុសច្បាប់ ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត។ ប្រសិនបើមានការគំរាមកំហែងណាមួយ ដែលអាចកើតមានឡើង វាគួរតែត្រូវបានរាយការណ៍មកយើង មិនមែនជាការវាយប្រហារតាមអំពើចិត្ត ដែលបណ្តាលឱ្យមានជនស៊ីវិលបាត់បង់ជីវិតនោះទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិក ទើបតែបានបើកការវាយប្រហារដោយយន្តហោះដ្រូន នៅក្នុងទីក្រុងកាប៊ុល ដោយមានគោលដៅលើរថយន្តរបស់ជនបំផ្ទុះគ្រាប់បែក ដែលប៉ុនប៉ងវាយប្រហារជាថ្មីលើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការវាយប្រហារនោះ ក៏បានបណ្តាលឲ្យជនស៉ីវិលអាហ្វហ្គានីស្ថានមួយចំនួនស្លាប់ផងដែរ រួមមានទាំងកុមារ៕