(អាមេរិក)៖ ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិក ដោយបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និងជាង ១លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

ព្យុះហឺរីខិន Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ ហ្គឹហ្វ ខូសត៍ (Gulf Coast), រដ្ឋ Louisiana ភាគអាគ្នេយ៍, ឆ្នេរសមុទ្ររដ្ឋ មីស៊ីស៊ីពពី (Mississippi) និងរដ្ឋអាឡាបាម៉ា (Alabama) ភាគនិរតី នៃសហរដ្ឋអាមេរិក។

អាជ្ញាធរទីក្រុង ញូអូលីនស៍ ( New Orleans) នៃរដ្ឋ Louisiana បានប្រាប់ឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងផងដែរ ដោយប្រជាជនមួយចំនួន បានឡើងទៅលើដំបូលផ្ទះ ដើម្បីរង់ចាំការជួយសង្គ្រោះ។ អាជ្ញាធរកំពុងតែព្យាយាម ទៅជួយប្រជាជនដែលជាប់គាំងក្នុងគ្រោះទឹកជំនន់នោះ តាមរយៈទូកសង្គ្រោះ។

គួរបញ្ជាក់ថា បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចរន្តអគ្គិសនីត្រូវបានផ្តាច់កាន់តែច្រើន ខណៈមនុស្សជាង ១លាននាក់ហើយនៅក្នុងរដ្ឋ Louisiana ត្រូវបានគេរាយការណ៍ថា គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការមកដល់នៃព្យុះហឺរីខិន Ida ដ៏ខ្លាំងក្លានេះ។ ព្យុះហឺរីខិន Ida នេះត្រូវបានចាត់ទុកថា មានកម្រិតខ្លាំងក្លាបំផុតដូចទៅនឹងព្យុះ ឡូរ៉ា (Laura) ដែលបានបោកបក់រដ្ឋភាគអាគ្នេយ៍អាមេរិកមួយនេះកាលពីឆ្នាំ២០២០ និងព្យុះហឺរីខិន ឡាសត៍ អាយស៍លែន (Last Island) កាលពីឆ្នាំ១៨៥៦៕