(ប៉េកាំង)៖ «បក្សកុម្មុយនិស្តចិនជាគណបក្សនយោបាយ ដែលមានឧត្តមគតិដ៏វែងឆ្ងាយ ឧត្តមគតិបែបនេះមិនមែនធ្វើអនុត្តរភាពលើពិភពលោកនោះទេ តែគឺរួមចំណែកដល់ពិភពលោក»។ ក្នុងឯកសារក្រោមចំណើងជើងថា «តម្លៃប្រតិបត្តិការ និងបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន» ដែលក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ការបង្ហាញអាកប្បកិរិយាដូចពោលខាងលើ ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ។

នេះមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងក៏ជាដំណើរតស៊ូពុះពារ និងសកម្មភាពប្រាកដប្រជារបស់បក្សធំទីមួយលើពិភពលោក ក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅនេះផងដែរ។ បក្សកុម្មុយនិស្តចិនបានបង្កើតឡើង ក្នុងគ្រាធ្វើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសត្រូវខាងក្រៅ ដូច្នេះបក្សកុម្មុយនិស្តចិនឱ្យតម្លៃ និងថែរក្សាសន្តិភាពក្រៃលែង ហើយប្រឆាំងនឹងអនុត្តរភាពនិយម និងនយោបាយកម្លាំងបាយជាដាច់ខាត ដើម្បីដឹកនាំប្រជាជនឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ដែលមានភាពខ្លាំងក្លាតែមិនធ្វើអនុត្តរភាព។

អ្នកផងទាំងពួងបានឃើញថា ចាប់តាំងពីសាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតឡើងមក ចិនមិនដែលផ្តួចផ្តើមឱ្យបំផុសរាល់សង្គ្រាម និងការប៉ះទង្គិចទាំងអស់នោះទេ ហើយក៏មិនដែលឈ្លានពានទឹកដីរបស់ប្រទេសដទៃ សូម្បីតែមួយអ៊ីញក៏គ្មានដែរ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសផ្តល់ប្រាក់ទុនធំទីពីរ នៃសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុត។ ព្រមពេលជាមួយគ្នានេះ ចិនបានចូលរួមយ៉ាងសកម្មនូវកំណែទម្រង់ និងកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ និងប្រឆាំងភេរវកម្មជាសកលជាដើម។

បក្សកុម្មុយនិស្តចិនបានចាត់ទុកការរួមចំណែកកាន់តែធំចំពោះមនុស្សជាតិ ជាបេសកកម្មរបស់ខ្លួន ចំណុចនេះក៏បានបង្ហាញឱ្យឃើញ នៅត្រង់ការជំរុញការអភិវឌ្ឍរួមផងដែរ។ មួយផ្នែក បក្សកុម្មុយនិស្តចិនបានដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត នៅទូទាំងពិភពលោក ដើម្បីសម្រេចបាននូវទំនើបភាវូបនីយកម្ម នេះគឺជាការរួមចំណែករបស់ចិន ចំពោះការអភិវឌ្ឍពិភពលោក។ ហើយបទពិសោធន៍ដ៏ជោគជ័យរបស់បក្សកុម្មុយនិស្តចិន មានតម្លៃសម្រាប់ប្រទេសដែលរំពឹងទុកពន្លឿនការអភិវឌ្ឍផង និងរក្សាភាពឯករាជ្យរបស់ខ្លួនផងយកទៅសិក្សារៀនសូត្រ។ មួយផ្នែកទៀត ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍរួម នៃពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ដែលបានរីករាលដាលនៅទូទាំងពិភពលោក កាន់តែរំលេចនូវតម្លៃយុគសម័យនិងអត្ថន័យជាក់ស្តែង នៃទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ខណៈពេលប្រទេសមួយចំនួនធ្វើអនុត្តរភាព និងជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិ បក្សកុម្មុយនិស្តចិនកំពុងដឹកនាំប្រជាជនចិន ក្នុងការផ្តល់ការគាំទ្រដល់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងគាំពារសន្តិសុខក្នុងតំបន់ជាដើម។

ដំណើរអភិវឌ្ឍន៍រយៈពេលមួយរយឆ្នាំនៃបក្សកុម្មុយនិស្តចិន បានបង្ហាញយ៉ាងច្បាស់លាស់ថា បក្សកាន់អំណាចធំទីមួយលើពិភពលោក ដែលមានឧត្តមគតិដ៏វែងឆ្ងាយនេះ មិនត្រឹមតែបានស្វែងរកសុខសុភមង្គល ជូនប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានតស៊ូពុះពារជាបន្តបន្ទាប់ ដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕ (#CCFR Comment#)