(រ៉ាម៉ាល់ឡា)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់មូត អាបាស់ (Mahmoud Abbas) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក ប៊េននី ហ្កាន់ (Benny Gantz) នៅក្នុងទីក្រុង រ៉ាម៉ាល់ឡា (Ramallah) នៃតំបន់ West Bank។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

បើតាមលោក ហូសេន អាល់ សៀក (Hussein al-Sheikh) ជាសមាជិកមួយរូបមកពីគណៈកម្មាធិការកណ្ដាលនៃគណបក្ស Fatah ដឹកនាំដោយលោក Abbas ជំនួបខាងលើធ្វើឡើងនៅឯទីក្រុងរ៉ាម៉ាល់ឡា ហើយមានគោលដៅពិភាក្សាគ្នាពីអនាគតនៃទំនាក់ទំនងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងការស្ដារឡើងវិញ នូវការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ West Bank។

គួរបញ្ជាក់ថា ជំនួបរវាងលោក Mahmoud Abbas និងលោក Benny Gantz គឺជាជំនួបលើកដំបូងបំផុតរវាងថ្នាក់ដឹកនាំប៉ាឡេស្ទីន និងអ៉ីស្រាអែល ចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលកិច្ចចរចាសន្តិភាពរវាងភាគីទាំង២ ត្រូវជាប់គាំងមកទល់នឹងបច្ចុប្បន្ន៕