(កាប៊ុល)៖ ក្រុមតាលីបង់បានបិទផ្លូវមិនឱ្យប្រជាជនអាហ្វហ្កានីស្ថាន ចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលឡើយ ក្រោយមានការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ខណៈកងទ័ព NATO មួយភាគធំបានចាកចេញពីអាហ្វហ្កានីស្ថានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទ) បន្ទាប់ពីចំណាយពេលស្ថិតនៅក្នុង ប្រទេសអាស៊ីខាងត្បួងមួយនេះអស់ ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក នៅតែបន្តប្រតិបត្តិការជម្លៀសរបស់ខ្លួន មុនថ្ងៃផុតកំណត់ចូលមកដល់ថ្ងៃអង្គារ ទី៣១ ខែសីហាសប្ដាហ៍នេះ។ ក្រសួងការបរទេសអាមេរិកចេញ ផ្សាយសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបញ្ជាក់ថាខ្លួននឹងដាក់សម្ពាធឱ្យក្រុមតាលីបង់ប្ដេជ្ញាចិត្តជាសាធារណៈអនុញ្ញាតឱ្យ មនុស្សចាកចេញពីអាហ្វហ្កានីស្ថាន ទោះជាហួសកាលបរិចេ្ឆទថ្ងៃទី៣១ ខែសីហាក៏ដោយ។

គួរបញ្ជាក់ថា បើតាមអ្នកនាំាពាក្យម្នាក់របស់ក្រសួងការបរទេស មកទល់នឹងពេលនេះ មានមនុស្ស ២៥០នាក់ដែលអះអាងថាពួកគេជាពលរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយពួកគេទាំងនេះមិនទាន់បានសម្រេចចិត្តចាកចេញ ឬក៏មានផែនការភៀសខ្លួនពីអាហ្វហ្កានីស្ថាននោះទេ៕