(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) ក្នុងជំនួបតាមទូរសព្ទនៅថ្ងៃទី២៩ ខែសីហាថា សហគមន៍អន្តរជាតិគួរតែផ្សាភ្ជាប់ជាមួយក្រុមតាលីបង់ ដែលជាអ្នកដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន និងជួយតម្រង់ផ្លូវពួកគេប្រកបដោយភាពវិជ្ជមាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសចិន ក្រោយជំនួបខាងលើនេះ លោក វ៉ាង យី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការងារ ជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយសប្បុរសធម៌ និងសេដ្ឋកិច្ចទៅដល់អាហ្វហ្គានីស្ថាន, ជួយរបបដឹកនាំថ្មីឲ្យគ្រប់គ្រងរដ្ឋាភិបាលដោយរលូន, ជំរុញឲ្យមានស្ថិរភាពសង្គម និងបញ្ឈប់ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់តម្រូវការនៃជីវភាពរស់នៅ របស់ប្រជាជនអាហ្វហ្គានីស្ថាន»

លោក វ៉ាង យី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ស្របពេលនៃការគោរពអធិបតេយ្យភាព នៃប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកគួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជួយអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងបញ្ឈប់អំពើហិង្សា ជាជាងការលេងស្តង់ដាពីរ ឬប្រយុទ្ធប្រឆាំងភេរវកម្មដោយមានជម្រើស... ការដកខ្លួនចេញយ៉ាងតក់ក្រហល អាចនឹងធ្វើឲ្យក្រុមភេរវករប្រមូលផ្តុំកម្លាំង ហើយត្រលប់មកវិញប្រកបដោយភាពខ្លាំងក្លា»

គួរបញ្ជាក់តាមទូរទស្សន៍រដ្ឋចិនចេញផ្សាយថា ជំនួបតាមទូរសព្ទរវាងលោក វ៉ាង យី និងលោក អាន់ថូនី ប្លីងគែន ខាងលើនេះបានកើតមានឡើង តបតាមការអញ្ជើញពីភាគីអាមេរិក។ ជុំវិញជំនួបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ (Ned Price) ក៏បានគូសបញ្ជាក់ផងដែរថា លោក ប្លីងគែន និងលោក វ៉ាង បានលើកឡើងដូចគ្នាអំពីភាពចាំបាច់ នៃការដើរតួនាទីរបស់សហគមន៍អន្តរជាតិ ក្នុងការជំរុញក្រុមតាលីបង់ឲ្យទទួលខុសត្រូវ ចំពោះការសន្យាជាសាធារណៈរបស់ក្រុមនេះ ក្រោយការចូលគ្រប់គ្រងទីក្រុងកាប៊ុល៕