(កាប៊ុល)៖ យោងតាមមន្រ្តីការពារជាតិអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះបានធ្វើការវាយប្រហារការពារតាមផ្លូវអាកាសនៅទីក្រុងកាប៊ុល ដោយកំណត់គោលដៅលើរថយន្តធ្វើអត្តឃាតរបស់ជនសង្ស័យ នៃក្រុម ISIS-K ដែលសំដៅទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកលោក Capt. Bill Urban បាននិយាយថា «កម្លាំងយោធាអាមេរិកបានធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅថ្ងៃនេះនៅលើរថយន្តមួយនៅទីក្រុងកាប៊ុល ដែលសង្ស័យថាមានអាវុធសម្រាប់ធ្វើអត្តឃាតរបស់ក្រុម ISIS-K ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិហាម៉ាដកាហ្សៃ»

គួរបញ្ជាក់ថា នៅមុននេះសារព័ត៌មាន AFP ក៏ដូចជាសារព័ត៌មានអន្តរជាតិដទៃទៀតបានរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយ ដែលត្រូវបានលឺក្បែរព្រលានយន្តហោះកាប៊ុល៕