(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃអាទិត្យនេះថា បារាំងនិងអង់គ្លេសនឹងបង្ហាញដំណោះស្រាយចំពោះកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី ៣០ ខែសីហា ដោយស្នើឱ្យមានតំបន់មានសុវត្ថិភាពនៅកាប៊ុល ដើម្បីការពារប្រជាជនដែលព្យាយាមចាកចេញពីអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

លោក ម៉ាក្រុង បានប្រាប់កាសែត Le Journal du Dimanche របស់បារាំងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា «សំណើដំណោះស្រាយរបស់យើងមានគោលបំណងកំណត់តំបន់សុវត្ថិភាពមួយ នៅកាប៊ុលក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដែលនឹងអនុញ្ញាតឱ្យបន្តប្រតិបត្តិការមនុស្សធម៌»

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នឹងជួបប្រជុំជាមួយបេសកជនអង្គការសហប្រជាជាតិ នៃប្រទេសអង់គ្លេស បារាំង អាមេរិក ចិន និងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដែលមានអំណាចវេតូ ស្តីពីអាហ្វហ្គានីស្ថាន។

លោក ម៉ាក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសបារាំងកំពុងធ្វើការពិភាក្សាបឋមជាមួយក្រុមតាលីបង់ អំពីស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថាន និងការជម្លៀសមនុស្សបន្ថែមទៀត។

គួរបញ្ជាក់ថា កម្លាំងយោធាអាមេរិកដែលកំពុងយាមកាមអាកាសយានដ្ឋាននៅទីក្រុងកាប៊ុល គ្រោងនឹងដកថយតាមការកំណត់ ដែលកំណត់ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិននៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ ប្រទេសបារាំងស្ថិតក្នុងចំណោមប្រទេស ដែលបានបញ្ចប់ការជម្លៀសចេញពីព្រលានយន្តហោះទីក្រុងកាប៊ុលផងដែរ៕