(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើការសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ប្រឆាំងនឹងក្រុមភេវករ ISIS នៅអាហ្វហ្គានីស្ថាន ឬ ISIS-K ដើម្បីសងសឹកចំពោះ ការបំផ្ទុះគ្រាប់បែកស្លាប់មនុស្សជាច្រើននាក់ នៅក្បែរព្រលានយន្តហោះកាប៊ុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

ជាការសងសឹក អាមេរិកទើបតែបានបើកការវាយប្រហារ ដោយប្រើយន្តហោះដ្រូន លើក្រុម ISIS នៅខេត្ត ណាងហ្គាហា (Nangahar) របស់អាហ្វហ្គានីស្ថាន។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ការវាយប្រហារនោះ បានផ្តាច់ជីវិតមនុស្សសំខាន់២នាក់ របស់ ISIS។ ឥឡូវនេះ លោក បៃដិន បានសន្យាថា វាមិនមែនជាលើកចុងក្រោយឡើយ ដោយអាមេរិកនឹងបន្តតាមប្រមាញ់ ជនដែលពាក់ព័ន្ធទាំងអស់ ក្នុងការបំផ្ទុះគ្រាប់បែក។

គួរបញ្ជាក់ថា ពាក់ព័ន្ធប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ ក្រុមតាលីបង់ បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា វាគឺជាការវាយប្រហារលើទឹកដីអាហ្វហ្គានីស្ថាន ហើយមិនបានជូនដំណឹងដល់ខ្លួនជាមុន។ ក្រុមតាលីបង់ ក៏បានអះអាងថា ពីការចាប់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុលផងដែរ។ ការបំផ្ទុះគ្រាប់បែកនោះ បានសម្លាប់មនុស្សសរុប១៨២នាក់ រួមមានជនជាតិអាហ្វហ្គានីស្ថាន១៦៩នាក់ និងយោធាអាមេរិក១៣នាក់៕