(បែរឡាំង)៖ លោក សាយីដ សាដាអាត (Sayed Sadaat) ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីព័ត៌មាន នៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវគេប្រទះឃើញ បច្ចុប្បន្នកំពុងមានការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារ នៅទីក្រុងមួយក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលលោកបានផ្លាស់ទៅរស់នៅ តាំងតែពីចុងឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

លោក Sadaat បាននិយាយថា មនុស្សមួយចំនួននៅប្រទេសកំណើតលោក ធ្លាប់បានរិះគន់លើរូបលោក ចំពោះការធ្វើការងារជាអ្នកដឹកជញ្ជូនអាហារបែបនេះ ក្រោយធ្លាប់បម្រើក្នុងជួររដ្ឋាភិបាលអស់រយៈពេល២ឆ្នាំ។ ប៉ុន្តែលោក Sadaat បានលើកឡើងថា លោកគ្មានអ្វីត្រូវរអៀសខ្លួននោះទេ ព្រោះការងារគឺជាការងារ។

អតីតរដ្ឋមន្រ្តីអាហ្វហ្គានីស្ថានរូបនេះ ដែលមានវ័យ៤៩ឆ្នាំ និងមានសញ្ជាតិពីរគឺអង់គ្លេសនិងអាហ្វហ្គានីស្ថាន បានបន្តថា លោកបានសម្រេចចិត្តចាកចេញពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១៨ ដោយសារតែការខ្វែងគំនិតគ្នា ជាមួយក្រុមមនុស្សជំនិតរបស់ប្រធានាធិបតី។

លោក Sadaat បានជ្រើសរើសទៅរស់នៅអាល្លឺម៉ង់ ជំនួសចក្រភពអង់គ្លេសដែលជាទីលោកធ្លាប់រស់នៅច្រើនឆ្នាំ ដោយសារលោករំពឹងថា អាល្លឺម៉ង់នាពេលអនាគត នឹងមានសេដ្ឋកិច្ចល្អប្រសើរជាង ហើយមានតួនាទីឈានមុខ ក្នុងវិស័យទូរគមនាគមន៍និងព័ត៌មានវិទ្យា សម្រាប់រយៈពេលវែង។ យ៉ាងណាមិញ ទោះមានបទពិសោធន៍ និងបរិញ្ញាបត្រផ្នែកទូរគមនាគមន៍និងព័ត៌មានវិទ្យាក៏ដោយ លោក Sadaat បានជួបការលំបាកនៅអាល្លឺម៉ង់ ក្នុងការស្វែងរកការងារឲ្យត្រូវនឹងជំនាញលោក ព្រោះលោកខ្វះខាតជំនាញភាសាអាល្លឺម៉ង់ ដែលជាកត្តាសំខាន់បំផុត។

ជារៀងរាល់ថ្ងៃ លោក Sadaat ចំណាយពេល៤ម៉ោង ដើម្បីព្យាយាមរៀនភាសាអាល្លឺម៉ង់ នៅឯសាលាមួយ មុនពេលចាប់ផ្តើមការងាររយៈពេល០៦ម៉ោង ឲ្យក្រុមហ៊ុនដឹកជញ្ជូនអាហារ លីហ្វេរ៉ាន់ដូ (Lieferando)។ លោកបានចាប់ផ្តើមធ្វើការជាអ្នកធាក់កង់ដឹកអាហារ កាលពីប៉ុន្មានខែមុន។

គួរបញ្ជាក់ថា រឿងរ៉ាវនៃការចាប់ផ្តើមជីវិតនៅក្នុងប្រទេសថ្មី របស់លោក Sadaat បានទទួលការចាប់អាម្មណ៍ជាពិសេស នៅចំពោះមុខភាពចលាចល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ឡើងកាន់អំណាច ដោយប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានព្យាយាមភៀសខ្លួនចេញពីប្រទេស៕