(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,១០៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ៦ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៤៨១នាក់។

នៅក្នុងថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៥២នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤២២,៤៦៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២១០,៩៨៩នាក់ ខណៈចំនួនអ្នកស្លាប់ ១០,៤០៥នាក់៕