(វ៉ាស៊ីនតោន)៖ នាវាចម្បាំងមួយគ្រឿង និងនាវាឆ្មាំសមុទ្រមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) កាលពីថ្ងៃសុក្រម្សិលមិញ ដោយទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើរបស់ខ្លួនបែបនេះថា ជាការធ្វើប្រតិបត្តិការធម្មតាៗ ឆ្លងកាត់ដែនទឹកដ៏រសើបមួយនេះ ដែលជាតំបន់ស្ថិតនៅចន្លោះដែនសមុទ្ររវាងកោះតៃវ៉ាន់ និងចិនដីគោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងនាវាអាមេរិកបានបញ្ជាក់យ៉ាងខ្លីថា នាវាពិឃាតឈ្មោះ អាលីក ប៊ឺក (Arleigh Burke) បំពាក់ដោយមីស៊ីល បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អមដំណើរដោយនាវាឆ្មាំសមុទ្រអាមេរិក មិនរ៉ូ (Munro)។ បើតាមកងនាវាអាមេរិក ការធ្វើដំណើររបស់នាវាទាំង ២គ្រឿងនេះ ធ្វើឡើងដោយស្របច្បាប់ស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែជារឿយៗចិនតែងតែថ្កោលទោស និងចាត់ទុកថា ជាសកម្មភាពបំពានដែនអធិបតេយ្យរបស់ខ្លួន ដ្បិតតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនាវាអាមេរិកទាំង ២គ្រឿងខាងលើ កើតមានឡើងបន្ទាប់ពីចិន បានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ដោយមានការចូលរួមពីនាវាចម្បាំង និងយន្ដចម្បាំងជាច្រើនគ្រឿងនៅក្បែរកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធយោធានេះទៀតសោត ធ្វើឡើងដើម្បីជាសារមួយបញ្ជូនទៅកោះតៃវ៉ាន់ ក្រោយអាហ្វហ្កានីស្ថានដួលរំលំក្រោមដៃតាលីបង់ បន្ទាប់ពីសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសមួយនេះ៕