(កង់ប៊េរ៉ា)៖ អូស្រ្តាលី នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,១២៥ករណីបន្ថែមទៀត ខណៈប្រទេសនេះកំពុងបន្តប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

នេះគឺជាលើកទី២ហើយ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតមួយនេះ ដែលប្រទេសអូស្ត្រាលី បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗជាង ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១,០៣៥ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ជារដ្ឋដែលមានប្រជាជនច្រើន បំផុតរបស់ប្រទេសអូស្ត្រាលីដែលមានទីក្រុងស៊ីដនី (Sydney) ជារដ្ឋធានី, ៦៤ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋវិចតូរៀ (Victoria) ជារដ្ឋដែលមានប្រជាជនច្រើន បំផុតទី២ របស់ប្រទេសអូស្រ្តាលីដែលមានទីក្រុងមែលប៊ន (Melbourne) ជារដ្ឋធានី ខណៈ ២៦ករណីទៀតត្រូវបានរឃើញនៅក្នុងដែនដីរដ្ឋធានីរបស់អូស្រ្តាលី (ACT)។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldomter រហូតមកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៩,៩៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ៩៩៣នាក់ និងអ្នកជាសះស្បើយ ៣២,៩៤២នាក់៕