(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៦,៧៥៩ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ក្នុងរយៈពេលជិត ០២ខែកន្លងមកនេះ ខណៈករណីឆ្លងបានកើនឡើងយ៉ាងគំហុកនៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេស បន្ទាប់ពីមានការប្រារព្ធពិធីបុណ្យដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ប្រហែល ៧០ភាគរយនៃករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅក្នុងរដ្ឋ Kerala ដែលកាលពីសប្តាហ៍មុន បានប្រារព្ធពិធីបុណ្យក្នុងស្រុកដ៏ធំមួយ។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា រហូតមកទល់ពេលនេះ ប្រទេសអាស៉ីខាងត្បូងមួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជិត ៣២.៧លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ៤៣៧,០០០នាក់ និងអ្នកជាសះស្បើយជាង ៣១.៨លាននាក់។

ឥណ្ឌា ក៏បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនសរុបជាង ៦២២លានដូសផងដែរ ក្នុងនោះមានជាងពាក់កណ្ដាល នៃប្រជាជនពេញវ័យសរុប ៩៤៤លាននាក់ បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស៕