(វ៉ាស៊ីនតោន)៖ ក្រុមគ្រួសារសាច់ញាតិរបស់ទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានបង្ហាញការខឹងសម្បារ និងអារម្មណ៍សោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់មនុស្សជាស្រឡាញ់ របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

លោក Steve Nikoui ដែលជាឪពុករបស់ទាហានម៉ារីនអាមេរិកម្នាក់ឈ្មោះ Kareem Nikoui រួមជាមួយភរិយារបស់លោកកំពុងរៀបចំចេញដំណើរទៅកាន់មូលដ្ឋាន កងទ័ពអាកាសអាមេរិកក្នុងរដ្ឋ Delaware ជាទីដែលសពកូនប្រុសរបស់លោកនឹងត្រូវដឹកមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Steve Nikoui បាននិយាយថា លោកពិតជាខឹងសម្បារ និងអស់សង្ឃឹមជាខ្លាំងចំពោះរបៀបដោះស្រាយបញ្ហារបស់លោកប្រធានាធិបតី ចូ បៃដិន។

លោក Nikoui បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ចំពោះរបៀបដោះស្រាយបញ្ហារបស់លោកប្រធានាធិបតី (ចូ បៃដិន) និងក្រុមមេបញ្ជាការ... ក្រុមមេបញ្ជាការគួរតែទទួលស្គាល់ពីការគំរាមកំហែងនេះ ហើយដោះស្រាយវាជាបន្ទាន់។ កូនប្រុសរបស់ខ្ញុំកើតនៅពេលសង្រ្គាមអាហ្វហ្កានីស្ថានផ្ទុះឡើង ហើយរូបគេ បានស្លាប់នៅថ្ងៃដែលសង្រ្គាមនេះបញ្ចប់ទៅវិញ»

គួរបញ្ជាក់ថា លោក Kareem Nikoui មានអាយុ ២០ឆ្នាំ គឺជាទាហានម៉ារីនអាមេរិកម្នាក់ ដែលស្ថិតនៅក្នុងចំណោមទាហានអាមេរិកទាំង១៣នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ កាលពីប៉ុន្មានថ្ងៃ មុននឹងមាន ការវាយប្រហារនេះកើតឡើង Kareem Nikoui បានផ្ញើវីដេអូមួយរបស់ខ្លួនដែលកំពុងឱ្យស្ករគ្រាប់ដល់កុមារអាហ្វហ្កានីស្ថាន ទៅដល់ក្រុមគ្រួសាររបស់ លោកនៅឯសហរដ្ឋអាមេរិក៕