(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩០,៣៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៣០៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៩,៥៤០,៤០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៥៣,៤០៥នាក់ និងជាសះស្បើយឡើងសរុប ៣០.៧៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អត្រាករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក បានខិតកាន់តែជិត ២០០,០០០នាក់ក្នុងមួយថ្ងៃ ដូចការព្យាករណ៍របស់ក្រុមអ្នកជំនាញអាមេរិកហើយ។ ចំពោះមុខការស្ទុះងើបឡើងវិញនៃករណីឆ្លង និងស្លាប់ជាប្រចាំថ្ងៃ សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ និងអនុម័តឲ្យវ៉ាក់សាំង Pfizer អាចប្រើប្រាស់បានជាទូទៅ មិនមែនតែក្នុងករណីបន្ទាន់នោះឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦៦លានដូស ក្នុងនោះប្រជាជន ២០២.៩៦លាននាក់ (៦១.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧២.១៧លាននាក់ (៥២.៥%) បានទទួលការចាក់គ្រប់ដូស៕