(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះបានព្រមានពីលទ្ធភាពអាចទៅរួចថាអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន អាចនឹងបង្កឱ្យមាន

ជនភៀសខ្លួនច្រើនជាងកន្លះលាននាក់ នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯទីក្រុងហ្សែណែវ ប្រទេសស្វីស ឧត្ដមស្នងការរងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោកស្រី Kelly Clements បានគូសបញ្ជាក់ដូច្នេះថា «ខណៈយើងមិនបានមើលឃើញលំហូរជនភៀសខ្លួនអាហ្វហ្កានីស្ថានដ៏ធំសម្បើមនៅពេលនេះ តែស្ថានភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន បានវិវត្តទៅមុខយ៉ាងឆាប់រហ័សដោយគ្មាននរណាម្នាក់អាចរំពឹងទុកជាមុនបានទេ...ដូច្នេះវាអាចទៅរួចថានឹងមានជនភៀសខ្លួនច្រើនជាង ៥០០,០០០នាក់ នៅក្នុងតំបន់ ដែលនេះជាសេណារីយ៉ូមួយដ៏អាក្រក់»

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានធ្វើបទបង្ហាញផងដែរពីផែនការមួយសម្រាប់ទីភ្នាក់ងាររបស់ខ្លួន និងអង្គការសង្គមស៊ីវិលជាដៃគូ ដើម្បី ត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិជនភៀសខ្លួនក្នុងប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសក្បែរខាងជាមួយការស្នើសុំជំនួយបន្ទាន់ជិត ៣០០លានដុល្លារផ្គត់ផ្គង់ដល់ ផែនការមួយនេះ៕