(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយជនជាតិអាហ្វហ្កានីស្ថាន ដែលមានសិទ្ធិទទួលបានការតាំងទីលំនៅថ្មី នៅចក្រភពអង់គ្លេស ឲ្យចាកចេញពីទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេស លោក ប៊ិន វ៉ាលឡេស (Ben Wallace) បាននិយាយថា ប្រតិបត្តិការជម្លៀសមនុស្សរបស់ចក្រភពអង់គ្លេស បានឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស ហើយមានតែមនុស្សដែលនៅខាងក្នុង អាកាសយានដ្ឋានទីក្រុងកាប៊ុល (Kabul) នៃប្រទេសអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យហោះហើរចេញពីប្រទេសនេះ។

បើតាមក្រសួងការពារជាតិចក្រភពអង់គ្លេស គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចក្រភពអង់គ្លេស បានជម្លៀសជនជាតិអង់គ្លេស និងអាហ្វហ្គានីស្ថានជាង ១៤,៥០០នាក់ហើយចេញពីប្រទេសនេះ ខណៈជនជាតិអាហ្វហ្គានីស្ថានពី ៨០០-១,១០០នាក់ទៀត ដែលបានធ្វើការជាមួយអង់គ្លេស ហើយមានសិទ្ធិចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងមិនទាន់បានចាកចេញនៅឡើយទេ ដោយសារពួកគេមិនអាចទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។

ជុំវិញបញ្ហាខាងលើនេះ លោក Boris Johnson បាននិយាយថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយអ្នកដែលកំពុងជាប់គាំង នៅប្រទេសអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេសនេះ។ លោក Johnson បានប្រាប់អ្នកសារព័ត៌មានថា «អ្វីដែលខ្ញុំចង់និយាយទៅកាន់ពួកគេ គឺយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយពួកគេ... យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង តាមដែលយើងអាចធ្វើទៅបាន»

គួរបញ្ជាក់ថា កងទ័ពអាមេរិក និងសម្ពន្ធមិត្តផ្សេងទៀត គ្រោងនឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមកាលកំណត់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ទៅតាមការព្រមព្រៀងគ្នា។ សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ចំពោះអំពើភេរវកម្មដែលអាចកើតមានជាបន្តបន្ទាប់ ដូចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈក្រុមតាលីបង់វិញបានព្រមានថា ការបន្តស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន ហួសពីថ្ងៃទី៣១ ខែសីហា នឹងត្រូវចាត់ទុកថាជាការឈ្លានពាន៕