(បាងកក)៖ កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បាននិយាយថា ប្រទេសនេះនឹងបន្ធូរបន្ធយវិធានការរឹតត្បិតភាគច្រើន ចាប់ពីខែកញ្ញាខាងមុខនេះតទៅ និងអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សរហូតដល់ ២៥នាក់នៅទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។

ការបន្ធូរបន្ថយវិធានការរឹតបន្តឹង គឺមានភាពចាំបាច់ណាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន និងកំពុងព្យាយាមក្នុងការបង្កើនអត្រាចាក់វ៉ាក់សាំង។

ចាប់ពីថ្ងៃទី០១ ខែកញ្ញាខាងមុខនេះតទៅ ផ្សារទំនើប ហាងកាត់សក់ ហាងម៉ាស្សា និងកន្លែងហាត់កីឡា ដែលស្ថិតនៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ចំនួន ២៩ រួមទាំងទីក្រុងបាងកក ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ខណៈភោជនីយដ្ឋាននានា ក៏អាចបើកទទួលភ្ញៀវបានជាធម្មតាផងដែរ។

ជុំវិញបញ្ហានេះ អាជ្ញាធរថៃបានស្នើឱ្យប្រតិបត្តិករអាជីវកម្មនានាធានាថា បុគ្គលិកសេវាកម្មរបស់ពួកគេ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) និងបានធ្វើតេស្តជាប្រចាំ ហើយបានទាមទារឱ្យអតិថិជនបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំង និងការធ្វើតេស្តអវិជ្ជមានចំពោះជំងឺនេះផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,១៣៩,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៥៨៧នាក់ និងអ្នកជាសះស្បើយ ៩៤៣,៧៨៤នាក់៕