(កង់ប៊េរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃសុក្រនេះបានឱ្យដឹងថា បេសកកម្មជម្លៀសមនុស្សរបស់ប្រទេសអូស្រ្តាលី ចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក ភីតធឺ ឌូតតុន (Peter Dutton) បានបញ្ជាក់ថា កងទ័ពអូស្ត្រាលីបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន មុនការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល (Kabul) ទៅទៀត។ លោក Peter Dutton បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «មិនយូរប៉ុន្មានមុនការវាយប្រហារ ខ្ញុំអាចបញ្ជាក់ថាកងទ័ពអូស្ត្រាលី និងបុគ្គលិករបស់យើងដែលនៅសេសសល់ បានហោះចេញពីទីក្រុងកាប៊ុល ហើយខ្ញុំពិតជាមានអំណរគុណណាស់ដែលនាពេលឥឡូវនេះ ពួកគេមានសុវត្ថិភាព»

លោក Peter Dutton បានគូសបញ្ជាក់ប្រាប់បន្ថែមថា «វាទំនងជាមានការវាយប្រហារបន្ថែមទៀត ប៉ុន្តែការសម្រេចចិត្តចាកចេញពីទីក្រុងកាប៊ុល នៅតែជារឿងដ៏លំបាកមួយ។ វាជាស្ថានភាពមិនអាចទៅរួចនោះទេ ពីព្រោះប្រសិនបើយើងអនុញ្ញាតឱ្យកងទ័ពរបស់យើង នៅជាមួយការវាយប្រហារ នោះយើងនឹងមើលឃើញការបាត់បង់ជីវិត នៃជនជាតិអូស្ត្រាលីយើងមិនខាន។ នោះមិនមែនជាហានិភ័យ ដែលយើងបានត្រៀមខ្លួនដើម្បីទទួលយកនោះទេ»

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅច្រកចូលអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងបានសម្លាប់មនុស្សរាប់រយនាក់ ក្នុងនោះរួមមានកងទ័ពអាមេរិកចំនួន ១៣នាក់ផងដែរ។ រដ្ឋាភិបាលអូស្រ្តាលីមិនទាន់អាចបញ្ជាក់ថា តើជនជាតិអូស្ត្រាលី ឬអ្នកកាន់ទិដ្ឋាការអូស្ត្រាលីណាម្នាក់ បានរងរបួសដែរឬក៏អត់នោះឡើយ។ រហូតមកទល់ពេលនេះ កងទ័ពរអូស្ត្រាលី និងនូវែលសេឡង់បានជម្លៀសមនុស្សជាង ៤,០០០នាក់ហើយចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន៕