(តូក្យូ)៖ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល បានបណ្តាលឲ្យមនុស្សសរុបជាង១០០នាក់ស្លាប់ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសជប៉ុននឹងស្វែងរកការសហការជាមួយប្រទេសដទៃទៀត ក្នុងការជម្លៀសជនជាតិខ្លួន ព្រមទាំងជនជាតិអាហ្វហ្គានីស្ថាន ដែលបម្រើការនៅស្ថានទូតជប៉ុន និងអង្គភាពដទៃទៀតរបស់ជប៉ុន ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Katsunobu Kato បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ស្ថានការណ៍កំពុងស្ថិតក្នុងភាពផុយស្រួយ និងមិនអាចប៉ាន់ស្មានបាន ប៉ុន្តែជប៉ុនចង់បន្តបង្កើនកិច្ចប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវការជម្លៀសខ្លួនមនុស្សដោយសុវត្ថិភាព ចេញពីអាហ្វហ្គានីស្ថាន ក្រោមកិច្ចសហការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធដទៃទៀត។

គួរបញ្ជាក់ថា ជប៉ុនបានបញ្ជូនយន្តហោះដឹកជញ្ជូនចំនួន៣គ្រឿង ទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដើម្បីប្រើប្រាស់ជា មូលដ្ឋានប្រតិបត្តិការសម្រាប់ការជម្លៀសមនុស្សពីទីក្រុងកាប៊ុល។ យន្តហោះជប៉ុនមួយគ្រឿង ធ្លាប់បានចុះចតនៅទីក្រុងកាប៊ុលប៉ុន្មានលើក ប៉ុន្តែមិនទាន់ទទួលបានជនជាតិជប៉ុន និងបុគ្គលិកអាហ្វហ្គានីស្ថានណាម្នាក់ ឡើងជិះឡើយ។ ជនជាតិជប៉ុននិងបុគ្គលិកអាហ្វហ្គានីស្ថានសរុប ៥០០នាក់ ត្រូវបានកំណត់ សម្រាប់ការជម្លៀសចេញពីប្រទេសនេះ៕