(កាប៊ុល)៖ មន្ត្រីតាលីបង់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានក្នុងស្រុកអាហ្វហ្គានីស្ថាន ជាលើកដំបូងក្នុងថ្ងៃសុក្រនេះថា សមាជិកក្រុមនេះចំនួន ២០នាក់ផងដែរបានស្លាប់ ដោយសារតែការបំផ្ទុះគ្រាប់អត្តឃាត នៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈចំនួនអ្នកស្លាប់សរុបនៅពេលនេះ ត្រូវបានគេអះអាងថាមានចំនួន ១០៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

ក្រុមតាលីបង់បានអះអាងទៀតថា គ្មានហេតុផលណាមួយដែលការជម្លៀសមនុស្ស ចេញពីអាហ្វហ្គានីស្ថាន ដែលកំពុងដឹកនាំដោយសហរដ្ឋអាមេរិកនោះ ត្រូវពន្យារពេលនោះឡើយ។ ក្រុមតាលីបង់ថែមទាំងបង្ហើបឲ្យដឹងទៀតថា ប៉មត្រួតពិនិត្យសន្តិសុខនានា ដែលមានកងកម្លាំងរបស់ខ្លួនប្រចាំការ នឹងត្រូវដាក់ពង្រាយតាមព្រលានយន្តហោះនានា នៅទូទាំងប្រទេសតែម្តង។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា មនុស្សសរុប ១២០នាក់ដែលបានទទួលរងបួស ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃព្រហស្បតិ៍នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងកាប៊ុលអស់ហើយ។

គួរបញ្ជាក់ថា នៅមុននេះបន្តិច មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បានប្រាប់ឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ៩៥នាក់ឯណោះបានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ខណៈចំនួនទាហានអាមេរិកដែលបានស្លាប់នោះគឺ ១៣នាក់ដដែល និង ១៨នាក់ទៀតរងរបួស៕