(កាប៊ុល)៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បានប្រាប់ឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ៩៥នាក់ឯណោះបានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ យ៉ាងណាក៏ដោយ ប្រតិបត្តិការជម្លៀសមនុស្ស ដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមឡើងវិញហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

នៅមុននេះប៉ុន្មានម៉ោង សេចក្តីរាយការណ៍ដោយមន្ត្រីអាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិក បានឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ ៦០នាក់ និងទាហានអាមេរិក ១៣នាក់បានស្លាប់។ ប៉ុន្តែពេលនេះ តួលេខជនជាតិអាហ្វហ្គានីស្ថានដែលស្លាប់ បានកើនឡើងដល់ ៩៥នាក់ និងរាប់រយនាក់ទៀតរងរបួស ខណៈចំនួនទាហានអាមេរិកដែលស្លាប់ គឺនៅដដែល។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ (ពេលវេលានៅទីក្រុងកាប៊ុល) ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល បានចាប់ផ្តើមឡើងវិញហើយ បន្ទាប់ពីបានរងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបតែបានប្រកាសថា វានឹងមិនមានការបង្អាក់នោះឡើយ។

អ្នករស់នៅទីក្រុងកាប៊ុលផ្ទាល់ បានរាយការណ៍ប្រាប់សារព័ត៌មានបរទេសថា ពួកគេបានមកឃើញយន្តហោះ ហោះចេញជាបន្តបន្ទាប់ឡើងវិញ គិតចាប់តាំងពីព្រឹកថ្ងៃសុក្រនេះ ហើយចរាចរណ៍ទៅកាន់អាកាសនាយដ្ឋាន ហាមីដ កាហ្សៃ (Hamid Kazai) នោះ នៅតែមានសភាពកកកុញដដែល៕