(ភ្នំពេញ)៖ ពាក្យអារ៉ាប់ «ហ៊ីជើប ឬ hijab» នៅក្នុងសាសនាអ៉ីស្លាមមិនមែនសំដៅតែទៅលើការយកកន្សែងមករុំក្បាលតែមួយមុខនោះទេ តែវាមានន័យជារួមទាំង ការបិទបាំងរាងកាយ និងរបៀបនិយាយស្ដីផងដែរ។

គម្ពីកូអានរបស់សាសនាអ៉ីស្លាមបានប្រាប់អ្នកកាន់សាសនាអ៉ីស្លាមគ្រប់រូបទាំងប្រុសទាំងស្រី ត្រូវស្លៀកពាក់ឱ្យបានសមរម្យ។ ពាក្យសមរម្យត្រង់នេះ នោះគឺមិនត្រូវ ស្លៀកលេចលើ ខើចក្រោម ឬបញ្ចេញសាច់ ឬក៏រឹបរាងនោះទេ។ សម្រាប់បុរសត្រូវបានតម្រូវឱ្យបិទបាំងរាងកាយចាប់ពីផ្ចិតរហូតដល់ជង្គង់ រីឯស្ត្រីជាទូទៅត្រូវបិទបាំង រាងកាយគ្រប់យ៉ាងលើកលែងតែផ្ទៃមុខ និងប្រអប់ដៃ ហើយការបិទបាំងនេះទៀតសោតគឺជាច្បាប់អ៉ីស្លាម និងតម្រូវជាចំាបាច់នៅពេលចេញក្រៅផ្ទះ។ មានន័យថា ស្ត្រីអ៉ីស្លាមអាចដោះកន្សែងរុំក្បាលចេញក៏បាននៅក្នុងផ្ទះរបស់ខ្លួន ក្នុងករណីនៅជាមួយស្រីៗគ្នាឯង ឬក៏បងប្អូនបង្កើត ប្ដី និងឪពុកម្ដាយ។

កន្សែងរុំក្បាលរបស់ស្ត្រីអ៉ីស្លាមមាន ៣ប្រភេទ គឺ៖ បួរកា (burka), នីកាប់ (niqab) និងហ៊ីជើប (hijab)៖

១. burka៖ គឺជាប្រភេទកន្សែងរុំ ឬការបិទបាំងទាំងស្រុង ដោយបិទបាំងទាំងរាងកាយ និងផ្ទៃមុខទាំងអស់ដោយទុកតែការចុះរន្ធតូចៗដើម្បីមើលឃើញតែប៉ុណ្ណោះ។

២. niqab៖ គឺជាប្រភេទកន្សែងរុំមានភ្ជាប់ជាមួយស្បៃបិទមុខ ដោយទុកតែភ្នែកសម្រាប់មើល។

៣. hijab៖ គឺជាប្រភេទកន្សែងរុំបិទបាំងសក់ និងក ដោយទុកផ្ទៃមុខនៅចំហរ។

គួរបញ្ជាក់ថា ការបិទបាំងដោយកន្សែងរុំទាំងនេះមានលក្ខណៈខុសគ្នា ទៅតាមឥទ្ធិពលនៃវប្បធម៌ និងសង្គមរស់នៅទៅតាមតំបន់ ឬក៏ប្រទេសនីមួយៗ។ ប៉ុន្តែជារួម ស្ត្រី អ៉ីស្លាមមានសិទ្ធិជ្រើសរើសថា តើពួកគេចង់ពាក់ បួរកា (burka), នីកាប់ (niqab) ឬក៏ហ៊ីជើប (hijab)? ពោលមិនមែនមានន័យថា ត្រូវតម្រូវឱ្យពាក់បួរកាជាកាតព្វកិច្ច ដាច់ខាត ហើយក៏មិនមែនពាក់នីកាប់ (niqab) ឬក៏ហ៊ីជើប ជាដាច់ខាតនោះដែរ។ និយាយឱ្យងាយស្ដាប់គឺមានសិទ្ធិរើសយកមួយក្នុងចំណោមប្រភេទកន្សែងរុំទាំង ៣នេះ៕